កម្ពុជា និង ថៃ គ្រោងបង្កើតច្រកព្រំដែនថ្មីមួយទៀត នៅខេត្តពោធិសាត់ ក្រោយក្រុមហ៊ុនចិនវិនិយោគអភិវឌ្ឍន៍ទីក្រុងថ្មីមួយនៅតំបន់នោះ
សេដ្ឋកិច្ច July 1, 2019 Khmernote

យោងតាមសារព័ត៌មាន Bangkok Post របស់ប្រទេសថៃបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនចិនមួយនឹងធ្វើការវិនិយោគដើម្បីអភិវឌ្ឍន៍ទីក្រុងថ្មីមួយនៅក្នុងតំបន់ ថ្មាដា ដែលជាភូមិព្រំដែនមួយក្នុងស្រុកវាលវែង ខេត្តពោធិសាត់ ហើយជាគម្រោងមួយដែលត្រូវបានគេរំពឹងថា នឹងផ្លាស់ប្ដូរសក្ដានុពលនៃពាណិជ្ជកម្ម និង ទេសចរណ៍តាមបណ្ដោយព្រំដែនកម្ពុជា – ថៃផងដែរ។ បន្ថែមពីនេះទៅទៀតរដ្ឋាភិបាលថៃ និងកម្ពុជា នឹងមានគម្រោងសាងសង់ច្រកព្រំដែនថ្មីមួយនៅទីនោះ ដោយសារតែតំបន់ ថ្មាដា ស្ថិតនៅជាប់នឹង តំបន់លោកប៉ាថាន់ ក្នុងស្រុកមោង ខេត្តត្រាត ប្រទេសថៃ នេះបើតាមការបញ្ជាក់ពីលោក Wiman Singphan ជាអនុប្រធាននៃសមាគមពាណិជ្ជកម្មព្រំដែនថៃ – កម្ពុជា នៅខេត្តត្រាត។

ប្រភពដដែលបានឲ្យដឹងថា គំរោងនេះត្រូវបានផ្ដួចផ្ដើមឡើងតាំងពី ៦ ឆ្នាំមុនមកម្ល៉េះ ដោយការសហការគ្នារវាងអ្នកឧកញ៉ា ទ្រី ភាព និងអ្នកជំនួញចិនជាច្រើននាក់ ប៉ុន្តែមិនបានជោគជ័យ រហូតមកទល់បច្ចុប្បន្នអាចដំណើរការទៅបានដោយសារមានការចូលរួមពីអ្នកមានអំណាច ដើម្បីគ្រប់គ្រង​ និងផ្តល់ហិរញ្ញវត្ថុដល់គម្រោងនេះ។ គម្រោងថ្មីនេះនឹងត្រូវបានសាងសង់ឡើងជា០៥ដំណាក់កាល ហើយនៅពេលដែលបញ្ចប់ការសាងសង់ទីក្រុងថ្មីនេះ នឹងមានបន្ទប់ខុនដូជាង ១ មុឺនបន្ទប់។ ដោយបច្ចុប្បន្នដំណាក់កាលដំបូងទទួលបានជោគជ័យប្រហែល ៨០% ដែលស្មើនឹង ១០០០ បន្ទប់ សណ្ឋាគារលំដាប់ផ្កាយប្រាំ ភោជនីយដ្ឋាន កាស៊ីណូខ្ពស់ៗ និងសេវាកម្មសាធារណៈផ្សេងៗទៀត ដោយចំណាយប្រាក់អស់ ៣ ពាន់លានបាត ហើយគម្រោងទាំងមូលនឹងត្រូវបានបញ្ចប់ការក្នុងរយៈពេល ៣ ទៅ​ ៥ឆ្នាំខាងមុខទៀត។

បន្ថែមពីនេះប្រទេសកម្ពុជា គឺជាអ្នកទទួលជំនួយ និងការវិនិយោគជាច្រើនពីក្រុមហ៊ុនចិន មិនតែប៉ុណ្ណោះក្រុមហ៊ុនមួយចំនួនបានផ្ដល់ទឹកប្រាក់ ដើម្បីសាងសង់ផ្លូវធំមួយ ដែលនឹងតភ្ជាប់ប្រទេសថៃជាមួយខេត្ដបាត់ដំបង ពោធិសាត់ និងកោះកុង តែមានប្រវែងត្រឹមតែ ១៥០ ម៉ែត្រប៉ុណ្ណោះពីខ្សែព្រំដែន។ ការសាងសង់ផ្លូវនេះក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់ថៃ ដើម្បីដឹកជញ្ជូនទំនិញពីភាគខាងជើងទៅកោះកុង ហើយក៏ជាសរសៃឈាមមួយយ៉ាងសំខាន់មិនត្រឹមតែសម្រាប់ការដឹកទំនិញកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការនាំចូលផលិតផល ពីប្រទេសថៃ និងប្រទេសផ្សេងទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីខែមេសាកន្លងទៅ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានដឹកនាំគណៈប្រតិភូសាធារណៈ និង ឯកជនរួមគ្នា ដើម្បីពិនិត្យតំបន់ព្រំដែនដែលត្រូវបានគេស្គាល់ថា “ភ្នំ ៤០០” មុនពេលចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ព្រំដែននេះ ដោយរដ្ឋាភិបាលកម្ពុជាបានយល់ព្រមផ្តល់សម្បទានដីរយៈពេល ៩៩ឆ្នាំ ដល់អ្នកហិរញ្ញវត្ថុ នៃគម្រោងអភិវឌ្ឍន៍របស់ខ្លួនមិនត្រឹមតែនៅខេត្តកោះកុង និងក្រុងព្រះសីហនុទេ ប៉ុន្តែថែមទាំងតំបន់ផ្សេងទៀតផងដែរ។ ហើយទីក្រុងថ្មីនេះត្រូវបានគេរំពឹងថា នឹងក្លាយជាគំរូមួយសម្រាប់ការអភិវឌ្ឍព្រំដែននាពេលអនាគតមិនមែនត្រឹមតែជាដែនម៉ាញេទិចទេសចរណ៍ប៉ុណ្ណោះទេ វាក៏នឹងក្លាយជាគោលដៅផ្សារទំនើបថ្មីផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ Bangkokpost