យោងតាមទីភ្នាក់ងារព័ត៌មានរបស់ប្រទេសថៃបានឲ្យដឹងថា ក្រុមហ៊ុន GULF នៅតែបន្តវិនិយោគលើរោងចក្រថាមពលកែច្នៃពីធម្មជាតិនៅវៀតណាម ដោយបើកកន្លែងផលិតថាមពលពន្លឺព្រះអាទិត្យពីរកន្លែង ដែលអាចផលិតថាមពលបាន ៤៥៨ មេហ្កាវ៉ាត់ ឬ បន្ថែមពីលើ ១០០ មេហ្កាវ៉ាត់។ ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះក្រុមហ៊ុន Gulf Energy Development Public Company Limited (GULF) ជាមួយក្រុមហ៊ុន TTC Group វៀតណាមបានបើកពិធីសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យ TTCIZ-០១ និង TTCIZ-០២ នៅខេត្តទៀនញី ក្នុងប្រទេសវៀតណាមជាផ្លូវការ បន្ទាប់ពីទទួលបានការផ្តល់សិទ្ធិពីប្រព័ន្ធអគ្គីសនីវៀតណាម (EVN) កាលពីខែមីនា និងមេសា។
គួរឲ្យដឹងផងដែរថាសម្រាប់រោងចក្រថាមពល TTCIZ-០១ មានសមត្ថភាពផលិតថាមពល ៦៨.៨ មេហ្គាវ៉ាត់ ដែលក្រុមហ៊ុន GULF កាន់កាប់ភាគហ៊ុនចំនួន ៤៩% ខណៈរោងចក្រថាមពល TTCIZ-០២ មានសមត្ថភាពផលិតថាមពល ៥០ មេហ្គាវ៉ាត់ ត្រូវបានកាន់កាប់ ភាគហ៊ុន ៩០% ។ ជាមួយគ្នានេះដែរការវិនិយោគនេះ គឺស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម ដែលមានគោលបំណងដើម្បីបង្កើនការប្រើប្រាស់ថាមពលកែច្នៃពីធម្មជាតិក្នុងសមាមាត្រ ៥% នៃការប្រើប្រាស់ថាមពលសរុបត្រឹមឆ្នាំ ២០២០ ដោយគម្រោងទាំងពីរនេះ នឹងជួយកាត់បន្ថយការបញ្ចេញកាបូនចំនួន ៨,៥៣៤ តោនក្នុងមួយឆ្នាំ។
លើសពីនេះទៅទៀតក្រុមហ៊ុន GULF ក៏ទទួលបានការអនុញ្ញាតឱ្យដំណើរការគម្រោងថាមពលពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់ និងគម្រោងថាមពលខ្យល់ ៣១០ មេហ្កាវ៉ាត់នៅខេត្តបេនចេ ដែលនឹងត្រូវបានដាក់ចូលទៅក្នុងប្រព័ន្ធនៅឆ្នាំ ២០២០ និង ២០២១ ទៅ ២០២៣ ជាបន្តបន្ទាប់៕
អត្ថបទ៖លីនី


