កាលពីពេលថ្មីៗនេះក្រុមហ៊ុន Tesco ដែលជាក្រុមហ៊ុនលក់រាយធំបំផុតរបស់ចក្រភពអង់គ្លេសបានប្រកាសថាខ្លួននឹងអាចពង្រីកអាជីវកម្មនៅក្នុងប្រទេសថៃតាមរយៈការបើកហាងថ្មីចំនួន ៧៥០ កន្លែងបន្ថែម ស្របពេលដែលបច្ចុប្បន្ន Tesco មានដល់ ១,៥៨៣ សាខា នៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះដែរ ការធ្លាក់ចុះវិនិយោគទុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុន Tesco ទំនងជាកំណត់ទិសដៅទីផ្សារចិន និងកូរ៉េខាងត្បូងផងដែរ។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុនបុត្រសម្ព័ន្ធថៃ Tesco Lotus គឺជាផ្សារទំនើបបែបអុឺរ៉ុបដំបូងបង្អស់ ដែលបានបង្កើតឡើងនៅក្នុងប្រទេសថៃកាលពី ១២ ឆ្នាំមុន។ ដោយឡែកមិនមែនជារឿងចម្លែកនោះទេសម្រាប់ជនជាតិអុឺរ៉ុប ចំពោះ Tesco Lotus តែអ្វីដែលប្លែកនោះគឺការលក់ផ្លែទុរេន ផ្លែស្រកានាគ និងផ្លែត្របែក ជំនួសឲ្យផ្លែស្រ្តបឺរី និងផ្លែព្រូននៅ Tescos របស់ចក្រភពអង់គ្លេស។
យោងតាមរបាយការណ៍ពីវិនិយោគិនបានឱ្យដឹងថាជនជាតិថៃកំពុងចាប់ផ្ដើម ផ្លាស់ប្ដូរក្នុងការទិញទំនិញពីផ្សារតាមបែបប្រពៃណី ទៅផ្សារទំនើប និងហាងងាយៗដែលនៅជិត ខណៈប្រទេសនេះកំពុងអភិវឌ្ឍ ទើបធ្វើឲ្យក្រុមហ៊ុន Tesco ចង់ពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមដើម្បី ទាញយកឪកាសរបស់ខ្លួន៕
អត្ថបទ៖ លីនី


