កាលពីពេលថ្មីៗនេះក្រុមហ៊ុននាំចេញអង្កររបស់ប្រទេសថៃកំពុងប្រឈមនឹងការរំពឹងទុកថា នឹងធ្លាក់ចុះនៅឆ្នាំនេះ ខណៈពេលដែលប្រទេសចិនកំពុងពិចារណាបង្កើនការនាំចេញអង្កររបស់ខ្លួនជាពិសេសសម្រាប់ទ្វីបអាហ្វ្រិក ដែលជាទីផ្សារគោលដៅដ៏មានសក្តានុពលសម្រាប់ប្រទេសចិននាពេលបច្ចុប្បន្ន ដែលអ្នកប្រើប្រាស់មានទម្លាប់នៃការទទួលទានអង្ករស្រូវចាស់។
យោងទៅតាមប្រធាននៃសមាគមនាំចេញអង្ករប្រចាំប្រទេសថៃបានឲ្យដឹងថា ប្រទេសចិនផលិតអង្ករប្រមាណជា ១២០ លានតោនជារៀងរាល់ឆ្នាំ ហើយទំនងជាបង្កើនការនាំចេញអង្ករចំនួន ៣ លានតោននៅឆ្នាំនេះ ខណៈឆ្នាំមុនៗនាំចេញចន្លោះពី ១.៥ ទៅ ២ លានតោនប៉ុណ្ណោះ។ ជាមួយគ្នានេះដែរតម្លៃអង្ករចិនផលិតមកមានតំលៃថោកបើប្រៀបធៀបទៅនឹងអង្ករដទៃទៀត ស្របពេលដែលអង្ករស្រូវថ្មីរបស់ប្រទេសចិនមានតម្លៃត្រឹមតែ ៣០០ ដុល្លារក្នុងមួយតោន ខុសពីប្រទេសថៃមានតម្លៃ ៣៩០ ដុល្លារ ហើយប្រទេសវៀតណាម ៣៦០ ដុល្លារ និងប្រទេសឥណ្ឌា ៣៧០ ដុល្លារ ដែលជាហេតុធ្វើឲ្យការនាំចេញអង្កររបស់ប្រទេសថៃមានការធ្លាក់ចុះ ៥% បើធៀបទៅនឹងឆ្នាំ ២០១៧ ហើយក្រសួងពាណិជ្ជកម្ម បានព្យាករណ៍ថាការនាំចេញអង្កររបស់ថៃនឹងមានចំនួន ៩,៥ លានតោននៅឆ្នាំ២០១៩ នេះ៕
អត្ថបទ៖ លីនី


