យោងតាមភ្នាក់ងារព័ត៌មានពីប្រទេសថៃបានឲ្យដឹងថា នៅថ្ងៃនេះប្រទេសវៀតណាម និងប្រទេសថៃបានបើកដំណើរការកន្លែងថាមពលពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅអាស៊ាន បន្ទាប់ពីក្រុមហ៊ុនថៃបានចាប់ផ្តើមគម្រោង DAU TIENG ទី១ និង DAU TIENG ទី២ ដែលមានសមត្ថភាពផលិតថាមពលសរុបចំនួន ៤២០ មេហ្កាវ៉ាត់។ ជាមួយគ្នានេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន B.Grimm Power (BGRIM) បានបង្ហាញថា គម្រោងផលិតថាមពលព្រះអាទិត្យធំបំផុតនៅក្នុងអាស៊ាន (DT ទី១ និង DT ទី២) នេះត្រូវបានតំឡើង និងដាក់ពង្រាយដើម្បីទទួលបានថាមពលសរុប ៤២០ មេហ្កាវ៉ាត់នៅក្នុងខេត្តតៃមិញ ប្រទេសវៀតណាម ខណៈពេលដែលប្រទេសវៀតណាមបានបើកស្ថានីយអគ្គិសនី (COD) សម្រាប់ចរន្តអគ្គិសនីនៅវៀតណាម (EVN) និងរោងចក្រថាមពលពន្លឺព្រះអាទិត្យ Phu Yen TTP ដែលអាចផលិតថាមពល ២៥៧ មេហ្កាវ៉ាត់ កាលពីថ្ងៃទី៣ និង ថ្ងៃទី១៣ ខែមិថុនាកន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្រុមហ៊ុនមានរោងចក្រថាមពល (COD) ចំនួន ៤៥ កន្លែង រួមទាំងរោងចក្រថាមពលវារីអគ្គិសនី រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន ១៧ កន្លែង គម្រោងវារីអគ្គិសនីចំនួន ២៤ កន្លែង និងរោងចក្រថាមពលម៉ាស៊ូត ១ កន្លែង ដែលអាចផលិតបានសរុប ២,៨៩២ មេហ្កាវ៉ាត់ ហើយមានគម្រោងចំនួន ១១ កំពុងសាងសង់ និង ការអភិវឌ្ឍដែលនឹងត្រូវបានដំណើរការប្រកបដោយជោគជ័យនៅឆ្នាំ ២០២៥ ដែលបង្កើតឱ្យមានសមត្ថភាពផលិតសរុបក្នុងគោលដៅ ៣,២៤៥ មេហ្កាវ៉ាត់ ដើម្បីបង្កើនសមត្ថភាពដល់ ៥០០០ មេហ្កាវ៉ាត់ទៅថ្ងៃមុខ។ លើសពីនេះក្រុមហ៊ុន នឹងបានទទួលឱកាសពីរដ្ឋាភិបាលវៀតណាមដើម្បីសិក្សា និងអភិវឌ្ឍថាមពលកកើតឡើងវិញបន្ថែមទៀតនាពេលបច្ចុប្បន្ននេះ ដោយពិចារណាពីការពង្រីកការវិនិយោគលើគម្រោងរោងចក្រថាមពលអគ្គិសនីជាច្រើនដែលរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយវិនិយោគនៅប្រទេសជាច្រើនទៀតដូចជាប្រទេសកូរ៉េខាងត្បូង ម៉ាឡេស៊ី កម្ពុជានិង ហ្វីលីពីនផងដែរ៕
អត្ថបទ៖ លីនី


