ដូចត្រូវឆ្នោតរង្វាន់ធំ! សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ធ្វើឲ្យវៀតណាមទទួលបានប្រយោជន៍ធំតែម្តង
សេដ្ឋកិច្ច June 21, 2019 Khmernote

យោងតាមការចុះផ្សាយនៅលើសារព័ត៌មានវៀតណាម បានបង្ហាញថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសចិន ដែលកំពុងតែកើតឡើងយ៉ាងក្ដៅគគុក ធ្វើឲ្យប្រទេសមួយចំនួន ទទួលបានផលប្រយោជន៍យ៉ាងច្រើនដោយការនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអាមេរិក។ ជាក់ស្ដែងបើប្រៀបធៀបទៅនឹងឆ្នាំមុន ប្រទេសវៀតណាមនាំចេញផលិតផលទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងរហូតដល់ ៣៨% ក្នុងអំឡុងពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩ ឯប្រទេសតៃវ៉ាន់កើនឡើងដល់ ២២% ខណៈពេលដែលប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ ១៧% និងបង់ក្លាដេសកើនដល់ ១៣% ។

ថ្មីៗនេះលោក Trump បានពង្រីកសង្គ្រាមពាណិជ្ជកម្មរបស់លោកដោយរួមបញ្ចូលប្រទេសម៉ិកស៊ិក បើទោះបីជាត្រូវបានគំរាមកំហែងដោយតម្លៃពន្ធរហូតដល់ ៥% ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃច័ន្ទនេះ ដោយពន្ធគយត្រូវបានបង់ដោយអ្នកនាំចូល ដែលអាចជ្រើសរើសយកការចំណាយ ឬ គិតបន្ថែមពីលើអ្នកប្រើប្រាស់​ ប៉ុន្តែក្នុងករណីខ្លះរោងចក្រនៅក្រៅប្រទេសបានកាត់បន្ថយតម្លៃនៃផលិតផលរបស់ពួកគេផងដែរ។ លោកបានអះអាងម្តងហើយម្តងទៀតថា ពន្ធគយរបស់លោក នឹងជំរុញឱ្យអ្នកផលិតនាំយកផលិតផលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ ដែលនេះជាការសន្យាយុទ្ធនាការដ៏សំខាន់មួយ ដោយលោកបានបង្ហោះនៅលើគណនី Tweeter នៅក្នុងសប្ដាហ៍នេះថា « តម្លៃពន្ធគយកាន់តែខ្ពស់ ធ្វើឲ្យចំនួនក្រុមហ៊ុនដែលនឹងត្រឡប់ចូលមកកាន់សហរដ្ឋអាមេរិកវិញកាន់តែច្រើន!»។ លោកក៏បានទទួលស្គាល់ផងដែរថា​ សង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនកំពុងជំរុញការផលិតនៅកន្លែងដទៃទៀត ដែលប្រទេសចិនហាមប្រាម ប៉ុន្តែមិនមានច្រើនសម្រាប់អតិថិជនអាមេរិកនោះទេ។

ជាមួយគ្នានេះដែរអ្នកជំនួញ និងពាណិជ្ជករធំៗជាច្រើនបានបញ្ចេញមតិប្រឆាំង និងការយល់ឃើញខុសៗគ្នា អំពីបញ្ហានេះ ហើយអាចនឹងផ្លាស់ប្ដូរគោលដៅផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗដូចជាប្រទេសវៀតណាមជាដើម។ សូម្បីតែមុនពេល Trump ចាប់ផ្តើមដាក់ពន្ធគយក៏ដោយ ផលិតកម្មមួយចំនួនបានចាកចេញពីប្រទេសចិន ដោយសារតែមានការដំឡើងប្រាក់ខែនៅទីនោះ។ យ៉ាងណាមិញលោក Trump ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ជាមួយប្រទេសកូរ៉េខាងត្បូងដោយបើកដំណើរទីផ្សាររបស់ខ្លួននៅក្នុងទីផ្សារអាមេរិកផងដែរ។ ខណៈពេលដែលតៃវ៉ាន់ និងកូរ៉េខាងត្បូងផ្តោតការយកចិត្តទុកដាក់លើផលិតផលបច្ចេកវិទ្យាខ្ពស់ដូចជាស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិក ហើយប្រទេសវៀតណាមនៅតែផ្តល់ប្រាក់ឈ្នួលប្រកួតប្រជែង ដែលក្លាយទៅជាកន្លែងទាក់ទាញមួយ ដើម្បីផលិតសម្លៀកបំពាក់ និងស្បែកជើង។

អត្ថបទ៖ លីនី
ប្រភព៖ vietnaminsider