នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Wei ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុន Beijing Star AI ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI (AI-Generated Content – AIGC)។ បន្ថែមលើនេះ, ក្រុមហ៊ុនក៏ជាស្ថាប័នដំបូងគេនៅលើពិភពលោក ដែលបានកសាងសហគមន៍បង្កើតវីដេអូ AIGC ពេញលេញក្នុងកន្លែងតែមួយ (One-Stop Community) ព្រមទាំងបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការនូវប្រព័ន្ធ AI Agent ក្នុងកម្រិតភាពយន្តដំបូងគេបង្អស់នៅលើសកលលោក។ ជាមួយគ្នានោះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យអាជីវកម្មស្នូលចំនួន ៤ រួមមាន៖ មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន (ASEAN Regional Intelligent Computing Center), មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត (Film-Grade AI Agent R&D Center), មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន (Cross-border AI Short Drama Distribution Center), និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន (ASEAN Digital Commerce Operation Center)។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យា AI នៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យា ជាអាទិភាពគន្លឹះមួយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា។ ក្នុងន័យនេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សា និងចាប់យកកាលានុវត្តភាពវិនិយោគជាក់ស្តែងនៅកម្ពុជា៕




