ឯកឧត្តម Yeo Han-koo រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ គូសបញ្ជាក់ពីឆន្ទៈក្នុងការបន្តថែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីដែលមានតាំងពីដើមមក ព្រមទាំងបន្តគាំទ្រនិងជំរុញឱ្យសហគមន៍ធុរកិច្ចពីកូរ៉េ បង្វែរទិសដៅមកសិក្សាស្វែងយល់ ពិនិត្យលទ្ធភាពនិងឱកាសក្នុងការបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យដែលផ្តល់នូវតម្លែបន្ថែមខ្ពស់។

ការលើកឡើងរបស់ រដ្ឋមន្ត្រីខាងលើ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ។
ប្រភពព័ត៌មានពីបណ្តាញសង្គមការងារផ្លួវការ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងលើ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជា ក្នុងការជំរុញការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស។ ជាមួយគ្នានេះ ឯកឧត្តមបានធ្វើការកត់សម្គាល់លើសន្ទុះនៃការអភិវឌ្ឍរបស់កម្ពុជា ទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទាក់ទាញមួយ ប្រកបដោយភាពប្រកួតប្រជែងនៅក្នុងតំបន់។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីបរិស្ថានធុរកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានភាពរស់រវើកនិងអំណោយផលខ្ពស់ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស ជាមួយលក្ខខណ្ឌអនុគ្រោះនៃច្បាប់ស្តីពីវិនិយោគ ដែលមានលក្ខណៈបើកចំហ បត់បែន និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់វិនិយោគិន។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) សំដៅចូលរួមលើកកម្ពស់សន្តិសុខបច្ចេកវិទ្យានៅក្នុងតំបន់ និងធានាបាននូវបរិយាកាសក្នុងការធ្វើធុរកិច្ចប្រកបដោយសុវត្ថិភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការត្រៀមលក្ខណៈរួចជាស្រេចរបស់កម្ពុជា ក្នុងការផ្តល់នូវសេវាថែទាំគាំទ្រវិនិយោគ (Aftercare Services) ដែលកំពុងមានប្រតិបត្តិការ តាមរយៈការទទួលស្តាប់ និងស្វែងរកដំណោះស្រាយលើញ្ហាប្រឈមរបស់វិនិយោគិន ជាមួយយន្តការនានាដែលបានដាក់ចេញ ជាអាទិ៍រួមមាន៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF), កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ (PPSD), និងកម្មវិធីទទួលទានអាហារពេលព្រឹកធុរកិច្ច (P-PS Breakfast Briefing) ដែលស្ថាប័នរដ្ឋបានសហការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។
ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយលើការទាញយកផលប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅជាមួយលទ្ធផលជាផ្លែផ្កា ដោយភាគីទាំងពីរបានបង្ហាញនូវឆន្ទៈរួមក្នុងការបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងជំរុញកិច្ចសម្របសម្រួលនានាដើម្បីប្រែក្លាយឱកាសធុរកិច្ច ទៅជាគម្រោងវិនិយោគជាក់ស្តែង សំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញទៅមក រវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕ ប្រភព៖ ក្រសួងព័ត៌មាន







