ប្រធានក្រុមហ៊ុន CANKOR International មានគម្រោងបើករោងចក្រ កែច្នៃផលិតផលកសិកម្មកម្ពុជា ដើម្បីនាំចេញទៅប្រទេសកាណាដា
សេដ្ឋកិច្ច April 30, 2026 Khmernote

នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Daniel C. Gauthier ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន CANKOR International នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

ក្នុងឱកាសនៃជំនួប លោក Daniel បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនរួមមាន ម្រេច គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយជាដើម។ លោកមានគម្រោងបើករោងចក្រផលិតម្រេចក្នុងខេត្តព្រះសីហនុ រួចធ្វើការនាំចេញទៅប្រទេសកាណាដា។

ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់លោក Daniel នឹងបានជម្រាបលោក Daniel ដោយសង្ខេបអំពីស្ថានភាពនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាមកកូរ៉េ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ី និងអឺរ៉ុប។

ឯកឧត្តមបានស្នើឱ្យលោក Daniel អញ្ជើញទៅប្រទេសកម្ពុជា ហើយស្ថានទូតនឹងជួយសម្របសម្រួលជំនួបរវាងលោក Daniel និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្ត ពិសេសសមាគមម្រេច និងគ្រាប់ស្វាយចន្ទី។