យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សុខសន្តិភាពពេញលេញ ដែលកម្ពុជាបានខិតខំរួមគ្នាថែរក្សា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។

តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» បានបញ្ជាក់ថា គោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាចគ្រប់គ្រងនិងដោះស្រាយបានគ្រប់ស្ថានភាព ទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្ត ស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ ៥,២% ក្នុងឆ្នាំ២០២៥។
ប្រភពដដែល បានបន្តថា សម្រាប់ឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករថានឹងរក្សាអត្រាកំណើនខ្ពស់ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីភាពធន់នៃសេដ្ឋកិច្ចជាតិក្នុងបរិការណ៍នៃការវិវឌ្ឍយ៉ាងស្មុគស្មាញនៃសេដ្ឋកិច្ច និងនយោបាយទាំងក្នុងតំបន់និងសកលលោក។
តាមរយៈសារលិខិត្ត ខាងលើ បានបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។ ជាក់ស្តែងក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែបទៀតជូនប្រជាពលរដ្ឋ។ បន្ថែបលើនេះ គិតត្រឹបត្រីហសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន ៤៧០២៩សហគ្រាស ជាមួយនឹងចំនួនកម្មករ និយោជិតសរុបកើនឡើងដល់ប្រមាណ ២,៣លាននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន


