នៅចុងរដូវប្រាំងនេះថ្នាក់ដឹកនាំក្រសួងកសិកម្មបានរៀបចំផែនការជំរុញបង្កើនផលិតកម្មដំណាំរដូវ ឲ្យមានផលិតភាពផលិតកម្មខ្ពស់និងត្រៀមលក្ខណៈអន្តរាគមន៍ដោះស្រាយឲ្យបានទាន់ពេលវេលា ប្រសិនបើមានភាពមិនប្រក្រតីកើតឡើង។

ការរៀបចំផែនការជំរុញបង្កើនផលិតកម្មដំណាំរដូវនៅពេលនេះ បានធ្វើឡើង ខណៈជាពេលវេលាសម្រាប់ដំណាំរដូវវស្សាដែលត្រូវចាប់ផ្តើមពីខែឧសភាដល់ខែវិច្ឆិកាខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំរៀបចំផែនការនេះ ដែលបានធ្វើពីដើមសប្តាហ៍នេះ បានលើកអំពីសមត្ថកិច្ចរបស់មន្ត្រីកសិកម្មឃុំ លើការងារផ្សព្វផ្សាយបច្ចេកទេស ក្តាប់ស្ថានភាពថ្លៃកសិផលនៅលើទីផ្សរ និងធ្វើផែនការគាំទ្រតម្លៃក្នុងយន្ដការអនុវត្ដកសិកម្មតាមកិច្ចសន្យា។
ផែនការជំរុញបង្កើនផលិតកម្មដំណាំរដូវនេះ មានគោលដៅផ្តល់ការយល់ដឹងដល់កសិករអំពីប្រភេទដំណាំនៅរដូវវស្សា និងបច្ចេកទេសដាំដុះដែលទទួលបានទិន្នផលខ្ពស់។
សូមបញ្ជាក់ថា ផលប្រយោជន៍ចម្បងៗនៃដំណាំតាមរដូវគឺជួយ សេដ្ឋកិច្ចនិងបរិស្ថាន ដូចជាជួយបង្កើនប្រាក់ចំណូលបន្ថែមដល់កសិករក្រៅពីការធ្វើស្រែវស្សា និងជួយឱ្យលក់បានតម្លៃខ្ពស់នៅពេលដាំក្រៅរដូវ។ ការដាំដុះតាមរដូវនៅរដូវវស្សា បានជួយគម្របដីកាត់បន្ថយការហួតសំណើម និងកាត់បន្ថយការចំណាយលើការស្រោចស្រព។
យោងតាមបច្ចេកទេសសម្រាប់ដំណាំតាមរដូវបានឲ្យដឹងថា ប្រភេទដំណាំរដូវនៅកម្ពុជាបែងចែកជាដំណាំរដូវវស្សានិងរដូវប្រាំង ដោយផ្អែកលើកម្រិតទឹក និងអាកាសធាតុ។ ដំណាំរដូវវស្សាពីខែឧសភាដល់ខែវិច្ឆិកា គេនិយមដាំស្រូវស្រាល, ត្រកួន, ស្ពៃ, តាសក់, សណ្ដែកកួរ, ននោង, និងត្រឡាច ចំណែកដំណាំរដូវប្រាំងពីខែធ្នូដល់ខែមេសា ជាពេលវេលា សមស្របសម្រាប់ដំណាំឆាប់ផ្ដល់ផលដូចជា ត្រសក់, ត្រកួន, ស្លឹកខ្ទឹម, និងដំណាំលើដីស្រែ។
បច្ចេកទេសសម្រាប់ការធ្វើដំណាំតាមរដូវ សម្រាប់រដូវវស្សា បានណែនាំឲ្យកសិករ ចេះលើករោងឱ្យខ្ពស់ដើម្បីចៀសវាងទឹកលិច ហើយប្រើដីល្បាយខ្សាច់លាយជីកំប៉ុស្តិ៍ ខណៈសម្រាប់រដូវប្រាំង បានណែនាំឲ្យកសិករចេះ ប្រើប្រាស់ប្រព័ន្ធស្រោចស្រព និងដាំលើដីដែលរក្សាសំណើមបានល្អ។
ការដាំដុះដំណាំតាមរដូវឱ្យទទួលបានជោគជ័យ គឺចាំបាច់ត្រូវមានការជ្រើសរើសពូជដែលស័ក្តិសមនឹងរដូវកាល ហើយគ្រប់គ្រងសត្វល្អិត និងការប្រើប្រាស់ជីឱ្យបានត្រឹមត្រូវ៕



