ក្រុមហ៊ុន Saemyeong Energy Tech មានគម្រោងនាំយកបច្ចេកវិទ្យាផលិតជីសិរីរាង្គឈានមុខគេរបស់កូរ៉េ​ ទៅចែករំលែកជូនដល់ប្រជាកសិករកម្ពុជា ដែលកំពុងប្រកបរបរដាំដុះដំណាំកសិកម្ម
សេដ្ឋកិច្ច April 7, 2026 Khmernote

នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Park Hee Soo ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Saemyeong Energy Tech នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។

លោក Park បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតថា លោកមានគម្រោងនាំយកបច្ចេកវិទ្យាផលិតជីសិរីរាង្គឈានមុខគេរបស់កូរ៉េ​ ទៅចែករំលែកជូនដល់ប្រជាកសិករកម្ពុជាដែលកំពុងប្រកបរបរដាំដុះដំណាំស្រូវ ពោត សណ្តែក និងដំណាំបន្លែ ផ្លែឈើផ្សេងៗ ។ លោក​ Park ចង់ឃើញផលិតផលកសិកម្មរបស់កម្ពុជាក្លាយជាកសិផលសិរីរាង្គលំដាប់ថ្នាក់អន្តរជាតិ ដើម្បីជួយបង្កើនជីវភាពរស់នៅរបស់ប្រជាជន ពិសេសប្រជាកសិករកម្ពុជា ។

ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់លោក Park និងបានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់លោកក្នុងបំណងលើកស្ទួយជីវភាពរបស់ប្រជាពលករកម្ពុជា ព្រោះ វិស័យកសិកម្មជាវិស័យសំខាន់ និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត​ ក៏បានលើកទឹកចិត្តលោក Park ឱ្យចាប់ផ្តើមរៀបចំរោងចក្រ រឺកន្លែងស្រាវជ្រាវធ្វើជីសិរីរាង្គនៅប្រទេសកម្ពុជា និងអញ្ជើញលោកទៅទស្សនកិច្ចនៅកម្ពុជា​ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកវិស័យឯកជនផ្នែកកសិកម្ម​ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត​ ក៏បានសំណូមពរក្រុមហ៊ុនឱ្យជ្រើសរើសនិស្សិត រឺពលករខ្មែរដែលកំពុងសិក្សា និងបំរើការងារនៅកូរ៉េនេះ ដើម្បីផ្តល់ឱកាសឲ្យពួកគេទទួលបាននូវបទពិសោធន៍​ និងជំនាញបច្ចេកទេសក្នុងការផលិតជីសិរីរាង្គនេះ​ ដូច្នេះក្រោយពេលពួកគេត្រលប់ទៅកម្ពុជាវិញ​ ពួកគេនឹងមានជំនាញក្នុងការផលិតជីសិរីរាង្គ និងអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕ ដោយ៖ កន ចំណាន