យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានបង្កើតឡើងតាមរយៈការផលិត និងកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់នៅតាមមូលដ្ឋាន ឱ្យក្លាយជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ។ ផលិតផលទាំងនេះពោរពេញដោយគំនិតច្នៃប្រឌិត ការរក្សាទុកប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ហើយបង្ហាញយ៉ាងច្បាស់អំពីអត្តសញ្ញាណជាតិ និងតម្លៃវប្បធម៌របស់យើងជាមួយនឹងគុណភាពល្អ តម្លៃសមរម្យ និងបរិមាណគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។
.jpg)
តាមរយៈ សារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូរំលេចថា «បច្ចុប្បន្នយើងឃើញថា ផលិតផលក្នុងស្រុក បាន និងកំពុងក្លាយជាផលិតផល ដែលមានសក្តានុពលខ្ពស់ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងទីផ្សារទូទាំងប្រទេស និងបានជំរុញឱ្យប្រជាពលរដ្ឋប្តូរឥរិយាបថ និងបង្កើនទំនុកចិត្តលើផលិតផលខ្មែរកាន់តែខ្លាំងឡើងជាបន្តបន្ទាប់»។
សម្តេចធិបតី បានបន្តថា ការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីបរទេស មិនត្រឹមតែជាការគាំទ្រដល់អ្នក ផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវមោទនភាពជាតិ និងការយល់ដឹងអំពីតម្លៃនៃផលិតផល ដែលកើតចេញពីកម្លាំង និងចំណេះដឹងរបស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើន។
ប្រភពដដែល បានបន្តថា ក្នុងគោលបំណងជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុលផុស រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ៕
.j.jpg)


.j.jpg)
ប្រភព៖ ក្រសួងព័ត៌មាន


