សម្តេចតេជោ ចាត់ទុកសហគ្រាសខ្នាតតូច និងមធ្យម ជាចលករជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា
បុគ្គលជោគជ័យ April 1, 2026 Khmernote

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា សម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពរីកចម្រើនរបស់ ប្រធានសមាគមជប៉ុន-កម្ពុជា ដែលបានទាក់ទាញអ្នកវិនិយោគពីប្រទេសជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ ជាមួយឯកឧត្តម តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ថា សម្ដេចតេជោ បានលើកឡើងថា សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយរដ្ឋាភិបាលជប៉ុនក៏បានខិតខំប្រឹងប្រែងជួយផ្ដល់ជំនួយដល់កម្ពុជាបានយ៉ាងច្រើនផងដែរ។

សម្ដេចតេជោ ក៏បានលើកឡើងអំពីការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យម ដោយសម្ដេចបង្ហាញនូវការពេញចិត្ត ដោយសម្ដេចបញ្ជាក់ថា តាំងពីសម្ដេចធ្វើជានាយករដ្ឋមន្រ្ដី គឺបានផ្ដោតសំខាន់ចំពោះការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យមនេះ ដោយសម្ដេចជំរុញឱ្យមានការវិនិយោគផុសផុលបន្ថែមទៀត ពីព្រោះសម្ដេចបានចាត់ទុកសហគ្រាសខ្នាតតូច និងមធ្យមនេះ គឺជាចលករនៃការជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕