អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តក្រុមហ៊ុន M3 ពិចារណាលើការនាំចូលផលិតផលកសិកម្មរបស់ខេត្តទៅកាន់ទីផ្សារអឺរ៉ុប
សេដ្ឋកិច្ច October 22, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណៈរដ្ឋប៊ុលហ្គារី និងប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន។

‎ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើបទបង្ហាញអំពីសក្តានុពលដ៏លេចធ្លោរបស់ខេត្ត ដូចជាវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាតំបន់អាទិភាពសម្រាប់ការវិនិយោគបរទេស។

ឯកឧត្តមបានស្វាគមន៍ និងលើកទឹកចិត្តលោក MAXIM BEHAR ឱ្យពិចារណាលើការនាំចូលផលិតផលកសិកម្មពីខេត្តទៅកាន់ទីផ្សារអឺរ៉ុប និងផ្តល់ការប្រឹក្សាផ្នែកទំនាក់ទំនងសាធារណៈ ដើម្បីជួយផ្សព្វផ្សាយខេត្តទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែទូលំទូលាយ។

‎លោក MAXIM BEHAR បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេស ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោកបានបញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការជួយលើកកម្ពស់កិត្យានុភាពរបស់ខេត្ត តាមរយៈជំនាញផ្នែកទំនាក់ទំនង និងទីផ្សារសាធារណៈរបស់ក្រុមហ៊ុនលោក ជាពិសេសក្នុងការកសាងរូបភាពវិជ្ជមាន (Branding) សម្រាប់ការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរអឺរ៉ុប។

‎គណៈប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាងស្ពានទំនាក់ទំនងផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរ និងបានសន្យាផ្តល់ការសម្របសម្រួល និងការគាំទ្រដល់គំនិតផ្តួចផ្តើមសហប្រតិបត្តិការនានា។ ជំនួបពិភាក្សាការងារនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល សហការ និងឈានដល់ការប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ នាពេលអនាគត៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
ប្រភព៖ ក្រសួងព័ត៌មាន