ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតម៉ាកយីហោល្បីៗ ចិនពិចារណាក្នុងការវិនិយោគនៅកម្ពុជា
សេដ្ឋកិច្ច August 9, 2025 Khmernote

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញផ្ដល់ការលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតម៉ាកយីហោល្បីៗរបស់ប្រទេសចិន ពិចារណាក្នុងការវិនិយោគនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គម សម្រាប់តំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក (អេស្កាប់) បានជំរុញបែបបនេះខណៈដែលឯកឧត្ដមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់បទសម្ភាសន៍មួយដោយផ្ទាល់ជាមួយគណៈកម្មការរៀបចំ មហោស្រពម៉ាកយីហោចិនលើកទី១៩ ឆ្នាំ២០២៥ នៅទីក្រុងស៊ិនជិន ប្រទេសចិន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នេះ នៅទីក្រុងស៊ិនជិនរបស់ប្រទេសចិន។

ក្នុងកិច្ចសម្ភាសន៍នោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានផ្ដល់តម្លៃចំពោះម៉ាកយីហោ របស់ប្រទេសចិន ដែលបាននិងកំពុងមានការប្រកួតប្រជែង និងផ្តល់នូវទំនុកចិត្តខ្ពស់ជូនដល់ ប្រជាជននៅជុំវិញពិភពលោក ដោយក្នុងនោះ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលពេញនិយម ប្រើប្រាស់ផលិតផលចិនយ៉ាងច្រើនប្រកបដោយគុណភាព។ ឯកឧត្ដមបណ្ឌិត លី ធុជ បានលើកឡើងពីភាពជោគជ័យរបស់កម្ពុជាក្នុងការទទួលបាន នូវការបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% នៅជំហានទី១) ដែលនេះជាដំណឹងដ៏ល្អសម្រាប់វិនិយោគិន និងជាឱកាសបន្ត ពង្រឹង និងអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់កម្ពុជា។

ដោយឡែក កិច្ចសម្ភាសន៍នោះក៏មានការចាប់អារម្មណ៍ផងដែរអំពីវិស័យសកម្មភាពមីន នៅកម្ពុជា ដែលក្នុងនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ពីសមិទ្ធផលសម្រេចបាន កិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេស ជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងនោះក៏មានប្រទេសចិនផងដែរ ក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ផ្ទៃដីរាប់ម៉ឺនហិកតាត្រូវបានរំដោះចេញពីការគម្រាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ ជាពិសេសបានផ្តល់នូវដីប្រកបសុវត្ថិភាព សម្រាប់ ប្រើប្រាស់ និងទាក់ទាញការវិនិយោគដោយផ្ទាល់នៅកម្ពុជា។

ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនដែលផលិតម៉ាកយីហោ ល្បីៗរបស់ប្រទេសចិន និងវិនិយោគិនដទៃទៀត ធ្វើការពិចារណាក្នុងការវិនិយោគ និងបង្កើតនូវរោងចក្រដោយផ្ទាល់នៅកម្ពុជាសម្រាប់ការផលិតនាំចេញ ពីព្រោះកម្ពុជាក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ និងមានច្បាប់វិនិយោគ លើកទឹកចិត្តដល់វិនិយោគិនដែលផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ការវិនិយោគលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសកម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន