ក្រុមហ៊ុន​ផលិត​រថយន្ត​​ចិន BYD សម្រេចបោះទុន​បង្កើត​រោងចក្រ​ផ្គុំ​ និងដំឡើ​ង​នៅ​កម្ពុជាហើយ ដោយជ្រើសរើសខេត្តមួយនេះ
សេដ្ឋកិច្ច February 8, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនីរបស់ចិនម៉ាក “BYD” បាន​សម្រេច​បណ្ដាក់ទុន​វិនិយោគ​ក្នុង​ការ​បង្កើត​រោងចក្រផ្គុំ​ និង​ដំឡើង​រថយន្ត​​នៅកម្ពុជា ដោយបានជ្រើសរើសទីតាំង​នៅខេត្ត​ព្រះសីហនុ ក្នុងចំនួនទឹកប្រាក់​ដំបូង​៣២​លានដុល្លារ​អាមេរិក។ ​

ប្រភព​របាយការណ៍​​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​កាលពីពេលថ្មីៗ​នេះ​បានបញ្ជាក់ថា​​​ រោងចក្រ​ផ្គុំ​ដំឡើង​រថយន្ត​​មួយ ត្រូវ​បាន​បោះ​ទុន​​វិនិយោគនៅក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ ។គម្រោង​នេះនឹង​ផ្ដល់ការងារ​ដល់​ប្រជា​ពល​រដ្ឋ​ជាង​២០០​កន្លែង ។

គួររំលឹកថា តាមរយៈគម្រោង​រោងចក្រផ្គុំ​ដំឡើង​រថយន្ត​នេះ នឹងធ្វើឱ្យ​កម្ពុជា​មានរោងចក្រ​ដំឡើង​រថយន្ត​ក្នុង​ស្រុក​បន្ថែម​មួយ​ទៀត បន្ទាប់ពី​រោងចក្រ​ផ្គុំ​ដំឡើង​រថយន្ត​តូយ៉ូតា​​របស់ជប៉ុន​បាន​បើក​សម្ពោធ​ដំណើរការ​​ កាលពី​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ២០២៤ ​កន្លងទៅនេះ។​

ឯកឧត្តម​ ស៊ុន ចាន់​ថុល​ ឧបនាយក​រដ្ឋមន្ត្រី និងជា​អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ មាន​ប្រ​សាសន៍ថា ពេល​នេះក្រុមហ៊ុន​ផលិតរថយន្ត​របស់ចិន​​ BYD កំពុងសាងសង់រោងចក្រ​ផ្គុំ​ដំឡើងរ​ថយ​ន្ត​អគ្គិ​សនីរបស់ខ្លួន​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ ហើយរោងចក្រនេះនឹងអាច​រួចរាល់​នៅចុង​ឆ្នាំ២០២៥​នេះ ។

ភាគច្រើននៃរថយន្ត​អគ្គិសនី​ គឺគេដំឡើង​នៅប្រទេស​ណា ​គេលក់​នៅប្រទេសនោះ ។​សម្រាប់​រោងចក្រ​ដំឡើង​រថយន្ត​អគ្គិសនី​របស់ចិន​ BYD ជា​ជំហាន​ដំបូង គឺដំឡើង​រថយន្ត​ផ្គត់ផ្គង់​នៅកម្ពុជា ដោយ​ជំហា​ន​បន្ទាប់ ក្រុមហ៊ុននេះអាច​នឹង​ផលិត​គ្រឿង​បង្គុំ​រថយន្ត​សម្រាប់នាំចេញ​ទៅកាន់ទីផ្សារ​ប្រទេស​ផ្សេង​ដើ​ម្បី​ដំឡើង​នៅប្រទេស​នោះ​។នេះជាការ​បញ្ជាក់បន្ថែមរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ។

ឯកឧត្តម​បន្តថា មុនពេល​ក្រុមហ៊ុនសម្រេច​ចិត្ត​បណ្ដាក់ទុនវិនិយោគ​នៅខេត្តព្រះសីហនុ ក្រុម​ប្រឹក្សា​អភិ​​វឌ្ឍន៍​កម្ពុជា​បាននាំ​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុនទស្សនកិច្ច​ និងពិនិត្យមើលទីតាំង​សក្ដានុពល​សម្រាប់​វិនិយោគ​ជា​ច្រើ​​ន​​​កន្លែង តែ​ចុង​ក្រោយ ក្រុមហ៊ុន​នេះ​បានសម្រេច​យក​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុង​ព្រះសីហនុខេត្តព្រះសីហនុ ជាទីតាំង​វិនិយោគ​របស់ខ្លួន ព្រោះទីតាំង​នេះ ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​គ្រឿង​បង្គុំ​ពីខាងក្រៅមកដំឡើង​ក្នុង​​រោងចក្រ រួចហើយដឹកចេញទៅចែកចាយ​តាមបណ្ដាខេត្ត​នានា​រួមទាំង​ភ្នំពេញ​។

សូមជម្រាបថា ​​ឆ្នាំ២០២៤​កន្លងទៅ ចំនួន​យានយន្តអគ្គិសនីចុះបញ្ជី​នៅក្រសួងសាធារណការ​និងដឹកជញ្ជូន​មានចំនួន​៧៥៧គ្រឿង បើប្រៀបធៀបនឹង​ឆ្នាំ ២០២៣ ​មានកំណើន​​៣១២​ភាគរយ ។

រាជរដ្ឋាភិបាល​បានកំណត់​យក​ខេត្តព្រះសីហនុ ជា​តំបន់សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង ដោ​យ​គ្រោ​​ងទាក់ទាញ​គម្រោង​វិនិយោគ​ជាទឹកប្រាក់​ប្រមាណ២០​ពាន់​លានដុល្លារ​អាមេរិកក្នុង​រយៈ​ពេល​១៥​ឆ្នាំ ទាំង​គម្រោង​អចលនទ្រព្យ ​ឧស្សាហកម្ម​ និងទេសចរណ៍ជាដើម ។នៅដើមឆ្នាំ​ ២០២៥នេះរដ្ឋា​ភិបា​ល​​​ក៏​​បាន​បន្ត​អនុវត្ត​​កម្មវិធីពិសេសជំរុញ​ការ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុរហូតដល់ដាច់ឆ្នាំ ២០២៥​ ៕

ប្រភព៖ ក្រសួងព័ត៌មាន