ក្រុមហ៊ុនជប៉ុនធំមួយ ប្ដេជ្ញាជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងទីផ្សារសកល ដើម្បីលើកកម្ពស់កិត្តិនាមផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាក្នុងឆាកអន្តរជាតិ
សេដ្ឋកិច្ច January 25, 2025 Khmernote

ក្រុមហ៊ុនជប៉ុនធំមួយឈ្មោះថា MIRARTH Holdings បានប្ដេជ្ញាសហការជាមួយកម្ពុជា ជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងទីផ្សារសកល ដើម្បីលើកកម្ពស់កិត្តិនាមផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាក្នុងឆាកអន្តរជាតិ។

យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោកជំទាវ គឹម ស្រីរត្ន័ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Kazuichi Shimada ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន MIRARTH Holdings រួមជាមួយនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុនជាច្រើនរូបទៀត នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនMIRARTH Holdings។

កិច្ចប្រជុំនោះ បានផ្តោតសំខាន់លើការជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅក្នុងទីផ្សារជប៉ុន ក៏ដូចជាបានពិភាក្សាពីគោលបំណងរបស់ក្រុមហ៊ុន MIRARTH Holdings ក្នុងការសហការជាមួយកម្ពុជាក្នុងពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា ដើម្បីជំរុញផលិតផលសក្ដានុពលកម្ពុជា ជាពិសេសផលិតផលកសិកម្មសំខាន់ៗ ដូចជា អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន MIRARTH Holdings ពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការរបស់ខ្លួននៅក្នុងកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍវិស័យកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក លើកកម្ពស់ខ្សែច្រវាក់តម្លៃនៃផលិតផលកម្ពុជា បង្កើតឱកាសការងារក្នុងស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

ជាការឆ្លើយតប ភាគីក្រុមហ៊ុន MIRARTH Holdings បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកិច្ចសហការនេះ ជាពិសេសលើគុណភាព និងសក្តានុពលនៃផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា។ នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចគោលដៅរួមក្នុងការជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងទីផ្សារសកល ដើម្បីលើកកម្ពស់កិត្តិនាមផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាក្នុងឆាកអន្តរជាតិ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម