រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកល្បី Adidas តម្លៃ ៩០លានដុល្លារនៅកម្ពុជា នឹងបញ្ចប់ការសាងសង់ ហើយដំណើរការផលិតកម្មនៅពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ។
បើតាមការបញ្ជាក់នៅលើផេក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់រោងចក្ររបស់ក្រុមហ៊ុន Sunfair Garment Co., Ltd. លើផ្ទៃដីទំហំប្រមាណ ៣៣ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល។
ក្រុមហ៊ុន Sunfair Garment Co., Ltd. វិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាក Adidas (នាំចេញទៅបណ្តាប្រទេសអាស៊ាន សហរដ្ឋអាម៉េរិក និងអឺរ៉ុប) ក្នុងទុនវិនិយោគសរុបចំនួន ៩០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារចំនួនប្រមាណ ៤.០០០កន្លែង។ ក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការសាងសង់រោងចក្រ និងដំណើរការផលិតកម្មនៅពេលឆាប់ៗខាងមុខនេះ៕




ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា


