ទូរថភ្លើងដឹកទំនិញចំនួន ៣៦គ្រឿងបន្ថែមទៀតនាំចូលពីប្រទេសចិនបានមកដល់កម្ពុជាហើយ ដើម្បីពង្រឹងសេវាកម្មដឹកជញ្ជូនតាមឱ្យមានប្រសិទ្ធភាព
សេដ្ឋកិច្ច December 30, 2024 Khmernote

ទូរថភ្លើងដឹកទំនិញចំនួន ៣៦គ្រឿងបន្ថែមទៀតដឹកពីប្រទេសចិនបានមកដល់កម្ពុជា និងលើកដាក់ចុះពីនាវាដោយជោគជ័យនៅយប់ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងសេវាកម្មដឹកជញ្ជូនតាមរថភ្លើងឱ្យមានប្រសិទ្ធភាព។

បើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមហ៊ុន Royal Railway បានឱ្យដឹងថា រថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៃប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយសមត្ថិភាពពិសេសជាច្រើនសម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជា កុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។ រថភ្លើងដឹកទំនិញទាំងនេះ នឹងជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។

មុនពេលចូលបម្រើសេវាកម្ម រថភ្លើងដឹកទំនិញទាំង 36គ្រឿង នឹងត្រូវបានធ្វើតេស្តប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងពេលបម្រើសេវាកម្មជូនដល់អតិថិជន រួចនឹងដាក់ឱ្យដំណើរសេវាកម្ម។

សូមជម្រាបផងដែរថា រថភ្លើងដឹកទំនិញថ្មីចំនួន ៤៤គ្រឿងទៀត នឹងគ្រោងមកដល់កម្ពុជានៅដើមខែមករា ឆ្នាំ២០២៥ នេះហើយ។ចំណែកទូបន្ថែមផ្សេងៗទៀត នឹងមកដល់ក្នុងប៉ុន្មានខែបន្ទាប់។ ការនាំចូលមកបន្ថែមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Royal Railway ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែធំលើដំណោះស្រាយដឹកជញ្ជូនសម្រាប់ឧស្សាហកម្មក្នុងប្រទេស៕

ប្រភព៖ Royal Railway Cambodia