កុងតឺន័រ ឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានកើនដល់ចំនួន ១ ០០០ ០០០ TEUs ជាកំណេីនខ្ពស់មិនធ្លាប់មាន
សេដ្ឋកិច្ច December 21, 2024 Khmernote

យោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានកំណេីនខ្ពស់មិនធ្លាប់មាន ពោលគឺកើនបានដល់ចំនួន ១ ០០០ ០០០ TEUs ស្មើនឹងកំណេីនជាង ២៩%។

ជាមួយនឹងកំណើនជាទីគាប់ប្រសើរនេះ នាព្រឹកនេះ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ បានរៀបចំ ពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១លានTEUs ដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតី។

ពិធីខាងលើនេះ ក៏មានការចូលរួមពីលោក ប៊ី យ៉ូស៊ីហ៊ីរ៉ូ (Mr. ABE Yoshihiro) លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី មីយូរ៉ា យ៉ូស៊ីកុ (Ms.MIURA Yoshiko) អ្នកតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ៕

ប្រភព៖ ផេកផ្លូវការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី