នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ ដំណេីរការ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។
ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី បានបង្ហាញលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត ដោយ ក.អ.ក. នៅលើផេកផ្លូវការ ដោយបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក.អ.ក. បានអនុម័តគម្រោងចំនួន ៤១៤គម្រោង បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២៦៨គម្រោង ឃើញថាមានកេីនឡេីង ១៤៦គម្រោង ស្មើនឹង ៥៤%។ ចំណែកទុនវិនិយោគវិញ ក្នុងឆ្នាំ២០២៤ មានចំនួន ៦,៩០០លានដុល្លារ បើធៀបនឹងឆ្នាំ ២០២៣ មានចំនួន ៤,៩២៧លានដុល្លារ ឃើញថា មានការកើនឡើង ១,៩៧៣លានដុល្លារ ស្មើនឹង ៤០%។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ក.អ.ក. ឬ CDC ត្រូវបានបង្កេីតឡេីងនៅថ្ងៃ៥ ខែសីហា ឆ្នាំ១៩៩៤ ដែលមានបេសកកម្មក្នុងការទាក់ទាញវិនិយោគមកកម្ពុជា៕














ប្រភព៖ ផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី


