សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនមានការបង្ខិតបង្ខំ និងមិនគិតថ្លៃអ្វីទាំងអស់ ហើយអ្នកមានចំណូល ២៥០លានរៀលក្នុងមួយឆ្នាំ ក៏មិនមានកាតព្វកិច្ចបង់ពន្ធឡើយ
សេដ្ឋកិច្ច December 16, 2024 Khmernote

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅសណ្ឋាគារ សុខាភ្នំពេញ។

ក្នុងឱកាសនោះដែរ សម្ដេចបវរធិបតី បានប្រកាសថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ដែលមានផលរបរក្រោម ២៥០លានរៀល ឬប្រហាក់ប្រហែល៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « បងប្អូនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការចុះឈ្មោះ ដោយខ្លាចជាប់កាតព្វកិច្ច ឬ ចំណាយផ្សេងៗ……អ៉ីចឹងខ្ញុំសូមបញ្ជាក់ទៅលើចំណុចនេះសារជាថ្មី ការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការស្ម័គ្រចិត្តទាំងស្រុង មិនមានការបង្ខិតបង្ខំ និងមិនមានការគិតថ្លៃអ្វីទាំងអស់ »។

សម្ដេចបានមានប្រសាសន៍បន្ថែមថា៖ «បងប្អូនអាចស្ទាក់ស្ទើរព្រោះខ្លាចជាប់ពន្ធ ខ្ញុំសូមបញ្ជាក់ផងដែរថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ ដូចជាសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលទ្រង់ទ្រាយតូច មីក្រូ ដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់ ហើយនេះគឺជា គោលការដែលបញ្ជាក់។ នេះគឺជាការគិតគូររបស់រដ្ឋាភិបាលចំពោះ សុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថា គ្មានការចំណាយមិនចាំបាច់ណាមួយ ដែលបងប្អូនត្រូវបង់ជូនចូលរដ្ឋឡើយ ហើយគោលការណ៍នេះ ខ្ញុំធ្លាប់បានបញ្ជាក់ កាលពីថ្ងៃពីខួបមួយឆ្នាំនៃរាជរដ្ឋាភិបាល [……] ធុរកិច្ច អាជីវកម្មដែលមានលក្ខណៈមីក្រូតូច ក្រោម ២៥០លានរៀល នៅក្នុងប្រព័ន្ធ ព្រោះពេលដែលគាត់ចូលទៅក្នុងប្រព័ន្ធ ហើយក្រោម ២៥០លានរៀល គឺមិនជាប់កាតព្វកិច្ចនោះទេ។ អ៉ីចឹងពេលដែលយើងនៅក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ ហើយទំហំនៃប្រាក់ចំណូលតិចជាង ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ច សូមបញ្ជាក់ប៉ុននេះ »៕

អត្ថបទ៖ លីនី