ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤៣ ដែលមានទុនវិនិយោគសរុបប្រមាណ ៩៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។
យោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។
គួរបញ្ជាក់ផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពី សាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១.០៨% នៃទុនវិនិយោគសរុប ខណៈសាធារណរដ្ឋប្រជាមានិតចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក ២៤.២៦% នៃទុនវិនិយោគសរុប និង ព្រះរាជាណាចក្រកម្ពុជាយើងស្ថិតនៅលេខរៀងទី៣ ដោយបានរួមចំណែក ១៤.៤៩% នៃទុនវិនិយោគសរុប៕



ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អត្ថបទ៖ លីនី


