យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានជំរុញទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគលើវិស័យស្រូវ និងអង្ករនៅកម្ពុជា តាមរយៈបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ។
ក្នុងឱកាសអនុញ្ញាតឱ្យ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងមានមោទនភាពចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជានិងទីម័រឡេស្តេ ដោយទំហំពាណិជ្ជកម្មក៏បានកើនឡើង ពិសេសអរគុណទីម័រឡេស្តេដែលបាននាំអង្ករពីកម្ពុជា ចំនួន ៤ពាន់តោននៅឆ្នាំ២០២៤នេះ។
សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងសន្តិសុខស្បៀង សម្រាប់ទីម័រឡេស្តេ ទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគទុននៅកម្ពុជាដោយបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ និងបណ្ដាញទិញស្រូវអង្ករយកមកកិនហើយនាំទៅកាន់ប្រទេសទីម័រឡេស្តេ រួមទាំងផលិតផលកសិកម្មផ្សេងៗ ដើម្បីផ្ដល់ក្នុងវិស័យចិញ្ចឹមសត្វផងដែរ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថាយើងមានលទ្ធភាពបំពេញឱ្យគ្នាទៅវិញទៅមក ដោយទីម័រឡេស្តេមានសមត្ថភាពនិងបទពិសោធន៍ក្នុងការគ្រប់គ្រងថាមពល ហើយកម្ពុជាមានស្បៀងដែលយើងនឹងអាចផ្លាស់ប្ដូរបទពិសោធន៍ធ្វើអាជីវកម្មជាមួយគ្នា ហើយកម្ពុជាត្រូវការរៀនសូត្រពីទីម័រឡេស្តេនូវការគ្រប់គ្រងធនធានប្រេង ដោយកម្ពុជានៅមិនទាន់បានវិនិយោគឬក៏យកផលប្រយោជន៍ពីធនធានប្រេងដែលមាននៅក្នុងដែនសមុទ្រ និងដែនដីគោកនៅឡើយទេ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានជំរុញឱ្យទីម័រឡេស្តេ បន្តធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីអាចពន្លឿនដំណើរការក្នុងការចូលជាសមាជិកពេញសិទ្ធិនៅពេលឆាប់ៗខាងមុខនេះ។ សម្តេច មានសុទិដ្ឋិនិយមក្នុងការចូលរួមរបស់ទីម័រឡេស្តនៅក្នុងអាស៊ាន ហើយទីម័រឡេស្តេផ្ទាល់ក៏ត្រូវត្រៀមលក្ខណៈជាប្រធានអាស៊ាននៅពេលណាមួយខាងមុខ រួមទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានសមរម្យតាមតម្រូវការផងដែរ។
សម្ដេចតេជោ ក៏បានលើកឡើង ពីហេតុផលដែលសម្ដេចបានដកខ្លួនពីនាយករដ្ឋមន្ត្រីហើយប្រគល់តំណែងនិងផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ ដែលការលះបង់នេះគឺដើម្បីដោះដូរជាមួយនឹងសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាបន្តទៅមុខ។ ឯកឧត្តមឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ថ្នាក់ដឹកនាំរបស់ទីម័រឡេស្តេ អតីតប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានបំពេញទស្សនកិច្ចនៅកម្ពុជាជាច្រើនលើក ដែលទាំងអស់នេះបានពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាបងប្អូនរវាងកម្ពុជានិងទីម័រឡេស្តេ ដោយប្រទេសយើងទាំងពីរមានប្រវត្តិសាស្ត្រស្រដៀងគ្នា ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងការដឹងគុណនិងកោតសរសើរចំពោះការដឹកនាំរបស់ សម្ដេចតេជោ ក្នុងការនាំមកនូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ ប្រជាជនមានការងារធ្វើ មានជីវភាពរីកចម្រើន មានលំនៅឋានរស់នៅសមរម្យ និងកាន់ប្រសើរឡើងជាលំដាប់។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចាត់ទុកថា សម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែ សម្ដេចតេជោក៏ជាមេដឹកនាំសម្រាប់តំបន់និងពិភពលោកផងដែរ។ ឯកឧត្តម បានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការអភិវឌ្ឍនិងមានវឌ្ឍនភាពលើគ្រប់វិស័យ ហើយឯកឧត្តមបានធ្វើដំណើរទៅខេត្តចំនួន១៩ ដោយក្នុងនោះ ឯកឧត្តមក៏ធ្លាប់បានធ្វើដំណើរតាមរ៉ឺម៉កកង់៣ គឺបានដឹងពីការរស់នៅយ៉ាងល្អប្រសើរពិតប្រាកដរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរនូវសមិទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២កន្លងទៅ ជាពិសេសគឺការជួយជ្រោមជ្រែងរបស់កម្ពុជា ក៏ដូចជាការជួយសម្របសម្រួលជាមួយប្រទេសជាសមាជិក៩ផ្សេងទៀតនៅក្នុងអាស៊ាន ដើម្បីអាចទទួលយកទីម័រឡេស្តជាសមាជិក បន្ទាប់ពីបានដាក់សំណើអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ឯកឧត្តម ក៏បានរំលឹកផងដែរថាប្រជាជនទីម័រឡេស្តេនិងថ្នាក់ដឹកនាំទីម័រឡេស្តេ ជាពិសេសប្រធានាធិបតី គឺតែងតែលើកឡើងពីមោទនភាពចំពោះសម្ដេចតេជោ និងបាននិយាយពីការងើបឡើងខាងសេដ្ឋកិច្ចរបស់កម្ពុជាដែលមានការរីកមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត បានពាំនាំនូវការអញ្ជើញពី ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ ជូនសម្ដេចតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងទទួលមេដាយថ្នាក់ខ្ពស់បំផុតទីម័រឡេស្តេ នាពេលខាងមុខ ដើម្បីជាការអរគុណនិងដឹងគុណចំពោះ សម្តេច ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងនិងរក្សាសន្តិភាព នៅក្នុងតំបន់ ក៏ដូចជាជួយដល់ប្រទេសរបស់ឯកឧត្តមកន្លងមក៕


ប្រភព៖ ក្រសួងព័ត៌មាន


