ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិក បង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា
សេដ្ឋកិច្ច October 16, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា។

លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation គឺជាក្រុមហ៊ុនផ្ដល់សេវាហោះហើរឯកជនឈានមុខរបស់អាមេរិក ដោយផ្តោតលើការផ្តល់សេវាហោះហើរជាលក្ខណៈឯកជន សម្រាប់អ្នកដំណើរ និងធុរជន។ ក្រុមហ៊ុន Gulfstream Aerospace Corporation មានបំណងចូលរួមអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា តាមរយ:ការរួមចំណែកក្នុងការពង្រឹង និងពង្រីកការតភ្ជាប់ និងទេសចរណ៍ជាមួយតំបន់ និងពិភពលោក។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ចំពោះទីផ្សារនៅកម្ពុជា។

សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ក៏ដូចជាសម្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា ការធ្វើធុរកិច្ចក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា នឹងផ្តល់ឱកាសដល់ក្រុមហ៊ុន ព្រោះទីផ្សារកម្ពុជាត្រូវបានផ្សារភ្ជាប់ជាមួយតំបន់ និងពិភពលោក។ បន្ថែមលើនេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដើម្បីស្វែងយល់លម្អិតបន្ថែមអំពីសក្តានុពលនៃការវិនិយោគនៅក្នុងទីផ្សារអាកាសចរណ៍នៅកម្ពុជាផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន