ប្រជាពលរដ្ឋកម្ពុជា ដែលទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី អាចទូទាត់ប្រាក់រៀលបានហើយតាមរយៈ QR Code
សេដ្ឋកិច្ច September 19, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់ពីពេលនេះទៅ ប្រជាពលរដ្ឋកម្ពុជា ដែលទៅលេងម៉ាឡេស៊ីអាចទូទាត់ប្រាក់រៀលបានហើយ ខណ: ដែលទេសចរម៉ាឡេស៊ីមកកាន់កម្ពុជា ក៏អាចចាយប្រាក់របស់ប្រទេសខ្លួនបាន តាមរយៈស្កេនឃ្យូអរកូត(QR Code) បន្ទាប់ពីធនាគារកណ្ដាលនៃប្រទេសទាំងពីរបានដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែន។

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី នៅថ្ងៃទី១៩ ខែកញ្ញានេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) ដើម្បីផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាទទួលបាននូវបទពិសោធទូទាត់ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ប្រជាពលរដ្ឋកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង (Bakong) និងកម្មវិធីធនាគារចល័តរបស់ធនាគារ មេយប៊ែង (M2U KH) ដើម្បីស្កេន និងទូទាត់ប្រាក់ទៅកាន់ទីតាំងពាណិជ្ជករជាង២លានកន្លែង ដូចជានៅតាមភោជនីយដ្ឋាន ផ្សារទំនើប មន្ទីរពេទ្យ និងកន្លែងលក់ដូរផ្សេងៗ មានបង្ហាញឃ្យូអរកូត DuitNow QR ដែលជាឃ្យូអរកូត ថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ី។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា គម្រោងទូទាត់ឆ្លងដែននេះ នឹងផ្តល់នូវភាពងាយស្រួល រហ័ស និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន នៅពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី។ ប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀល អាចធ្វើការទូទាត់ដោយប្រើរូបិយប័ណ្ណរៀលខ្មែរ(KHR) ជារូបិយប័ណ្ណគោល ខណៈរូបិយប័ណ្ណទូទាត់ជារីងហ្គីតម៉ាឡេស៊ី (MYR)។ លោកជំទាវ បន្តថា គម្រោងទូទាត់ឆ្លងដែននេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសទាំងពីរ ដែលបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន លើការតភ្ជាប់ប្រព័ន្ធទូទាត់រាយ ដែលមានភាពរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាព និងដែលត្រូវបានតភ្ជាប់ទូទាំងតំបន់”។

លោកទេសាភិបាលនៃធនាគារកណ្ដាលរបស់ម៉ាឡេស៊ី បាននិយាយថា ចាប់ពីឥឡូវនេះតទៅ អ្នកដំណើរពីប្រទេសកម្ពុជា នឹងអាចទូទាត់នៅប្រទេសម៉ាឡេស៊ីបានយ៉ាងងាយស្រួល និងសុវត្ថិភាពខ្ពស់។ តាមរយៈការផ្សារភ្ជាប់ អ្នកដំណើរកម្ពុជា ជាមួយនឹងពាណិជ្ជករដែលមានឃ្យូអរកូត DuitNow QR ជាង២លានកន្លែងក្នុងប្រទេសម៉ាឡេស៊ី យើងរំពឹងថា សកម្មភាពទេសចរ និងពាណិជ្ជកម្មអន្តរអាស៊ាន នឹងត្រូវបានសម្រួល និងពន្លឿនបានមួយកម្រិតទៀត។

គិតមកដល់បច្ចុប្បន្ន ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរបស់កម្ពុជារួមមាន៖ ថៃ វៀតណាម ឡាវ ចិន កូរ៉េខាងត្បូង និងប្រទេសម៉ាឡេស៊ី៕

ប្រភព៖ ក្រសួងព័ត៌មាន