យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនជប៉ុនដែលអញ្ជើញមកធ្វើបទបង្ហាញពីម៉ាស៊ីនកម្ទេចសំរាមដ៏ទំនើប។ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង ភាគីជប៉ុនបានបង្ហាញពីចំណាប់អារម្មណ៍លើការវិនិយោគកែច្នៃ និងបំប្លែងសំរាមសំណល់ប្លាស្ទិកទៅជាប្រេង។
តំណាងក្រុមហ៊ុន Sougo Tatemono Service Inc.របស់ជប៉ុន បានធ្វើបទបង្ហាញអំពីឧបករណ៍កម្ទេចកាកសំណល់ប្លាស្ទិកទៅជាប្រេង ដោយម៉ាស៊ីនដ៏ទំនើបនេះមានសមត្ថភាពបំប្លែងសំរាមប្លាស្ទិកសុទ្ធក្នុង១តោនទៅជាប្រេងបានពី៦០០លីត្រ ទៅ៧០០លីត្រ។សម្រាប់សំរាមចម្រុះវិញក្នុង១តោន អាចបំប្លែងចេញជាប្រេងបាន២០០លីត្រ ទៅ៣០០លីត្រ។ចំពោះម៉ាស៊ីនបំប្លែងសំរាមនេះ អាចដុតសំរាមបាន៣០តោន ក្នុង១ថ្ងៃ ហើយម៉ាស៊ីននេះអាចប្រើប្រាស់បានក្នុងរយៈពេលពី២០ទៅ៣០ឆ្នាំ។ ភាគីជប៉ុន បញ្ជាក់ថា ចំពោះប្រេងដែលបានបំប្លែងពីសំណល់ប្លាស្ទិកអាចយកទៅប្រើក្នុងម៉ាស៊ីនកម្ទេចសំរាមនោះវិញ ហើយអាចបំប្លែងទៅជាប្រេងម៉ាស៊ូត ប្រេងសាំង ឬក៏ប្រេងផ្សេងបន្ថែមទៀត។
ជាកិច្ចឆ្លើយតប ឯកឧត្តម សុខ លូ បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះម៉ាស៊ីនបំប្លែងសំរាមនេះ ហើយឯកឧត្តមសង្ឃឹមថាម៉ាស៊ីនដ៏ទំនើបនេះនឹងមានដំណើរការនៅទីលានចាក់សំរាមក្នុងខេត្តបាត់ដំបងនាពេលឆាប់ៗខាងមុខនេះ ។ ឯកឧត្តម សុខ លូ បង្ហាញការគាំទ្រយ៉ាងពេញទំហឹង និងរង់ចាំជានិច្ចក្នុងការសហការបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងនៅពេលដែលក្រុមហ៊ុនចាប់ផ្ដើមវិនិយោគលើការកែច្នៃសំរាមប្លាស្ទិកទៅប្រេង ខណៈការទុកដាក់ និងគ្រប់គ្រងសំរាមក៏ជាផ្នែកមួយដែលអាចជួយដល់ក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងវៃឆ្លាតនៅពេលអនាគត។ សូមជម្រាបថា ខេត្តបាត់ដំបងមានទីលានទុកដាក់សំរាមខ្នាតធំកម្រិតស្ដង់ដារមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីអំឡុងខែមីនា ឆ្នាំ២០២៣។
ទីលានទុកដាក់សំរាមក្រុងបាត់ដំបងនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីជាង២០ហិកតាដែលដាក់ឱ្យប្រើប្រាស់ដំណាក់កាលដំបូងនូវរណ្ដៅទី១ មានទំហំជិត៣ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបានជាង៣០ម៉ឺនម៉ែត្រគូបសម្រាប់រយៈពេល ១០ ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជនក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការរំពឹងទុកប្រជាជនប្រមាណ ៦០% ដែលត្រូវជា ១២៦ ០០០នាក់ នឹងទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថាន ពីទីលានចាក់សំរាមមួយនេះ។ទីលានទុកដាក់សំរាមដ៏ធំមួយនេះ ចំណាយថវិកាសាងសង់ប្រមាណជាង ៦លានដុល្លារ ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី៕




អត្ថបទ លោក សុភ័ក្រ្ត មន្ទីរព័ត៌មានបាត់ដំបង
ប្រភព៖ ក្រសួងព័ត៌មាន


