យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមោទនភាពចំពោះផលិតផលខ្មែរជាច្រើនប្រភេទបាននាំចេញទៅលក់នៅទីផ្សារសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន។
ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នារសៀលថ្ងៃអង្គារ ៨ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែ កញ្ញា គ្រិស្តសករាជ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរម្លឹកពីអតីតកាល គ្រាដែលសម្ដេចរស់នៅសហរដ្ឋអាមេរិក មិនដែលឃើញផលិតផលខ្មែរក្នុងហាងអាស៊ីទេ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ «កាលពី៣០ឆ្នាំមុន ពេលដែលខ្ញុំទៅរៀននៅសហរដ្ឋអាមេរិក ដើរចូលនៅក្នុងហាងអាស៊ីអត់ដែលមានផលិតផលខ្មែរទេនៅទីនោះ ពេលនេះយើងអាចនិយាយដោយមោទនភាពថា យើងមានផលិតផលកសិកម្មជាច្រើនប្រភេទ បាននាំចេញទៅក្រៅប្រទេសមិនមែនតែសហរដ្ឋអាមេរិក ក៏មាននៅតាមបណ្ដាប្រទេសជាច្រើននៅអឺរ៉ុប ហើយក្រៅពីផលិតផលកសិកម្មយើងក៏មានផលិតផលផ្សេងៗរាប់ទាំងសម្លៀកបំពាក់វាយណភណ្ឌ កាតាប កាបូប គ្រឿងអលង្កការដែលផលិតនៅកម្ពុជា គ្រឿងបង្គុំអគ្គិសនី ឧបករណ៍អគ្គិសនី ហើយនេះជាមោទនភាពធំរបស់កម្ពុជានៅក្នុង៣០ឆ្នាំនេះ»៕


ប្រភព៖ ក្រសួងព័ត៌មាន


