ក្រុមហ៊ុនចិនធំមួយ ដែលកំពុងវិនិយោគនៅកម្ពុជា មានគម្រោងពង្រីកការវិនិយោគបន្ថែមទៀត
សេដ្ឋកិច្ច September 9, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនចិនធំមួយ ដែលកំពុងវិនិយោគនៅកម្ពុជា មានគម្រោងពង្រីកការវិនិយោគបន្ថែមទៀត។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់នៅផេកផ្លូវការថា កាលពីរសៀលថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng ចូលជួបពិសារអាហារ និងពិភាក្សាការងារ។

តាមរយៈជំនួបនេះ ក្រុមហ៊ុនបានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ពិសេសនឹងពិនិត្យលទ្ធភាពវិនិយោគ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន Wanli Stone គឺជាក្រុមហ៊ុនមួយដែលកំពុងវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា លើមុខសញ្ញាអាជីវកម្មថ្មម៉ាប ឬថ្មក្រានីត៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា