បច្ចុប្បន្ននៅកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការមានចំនួន ២៦ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារ
សេដ្ឋកិច្ច September 6, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការមានចំនួន២៦ ដោយបានស្រូប យកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។

ការថ្លែងរបស់ឯកឧត្តម បានធ្វើឡើងក្នុងឱកាសពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតសំបកកង់យានយន្ត របស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស យូប៊ី ម៉ី ស្នួល នៅខេត្តក្រចេះ។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថាជាលទ្ធផលខាងលើ បានឡើងពីគំនិតផ្តួចផ្តើមដ៍ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា បច្ចុប្បន្ន ក្នុងការបង្កើតឱ្យមានកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ ដើម្បីធ្វើ ពិពិធកម្មឧស្សាហកម្មកម្ពុជា ដែលពេលនោះពឹងផ្អែកលើឧស្សាហកម្មអតិពលកម្ម ភាគច្រើនផ្តោតលើវិស័យ កាត់ដេរសម្លៀកបំពាក់និងស្បែកជើង សំដៅចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេក វិទ្យាទំនើប។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Newbustar Group ដែលបានបណ្ដាក់ទុនវិនិយោគដ៏ច្រើន សន្ធឹកសន្ធាប់រហូតដល់ទៅប្រមាណ ១៤០លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូប៊ី ម៉ី ស្នួល ក្នុងទឹកដីនៃខេត្តក្រចេះនេះ។ ការវិនិយោគនេះសំដៅចូលរួមចំណែកក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។

សូមបញ្ជាក់ជូនថា តំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី ស៊ី ស្នួលនេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យគួរឱ្យកត់សម្គាល់ ដូចជា ការផលិតសម្ភារៈអគ្គិសនី ផ្គុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មីមានតម្លៃបន្ថែមខ្ពស់ និង ប្រើប្រាស់បច្ចេកវិទ្យាទំនើប។ តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគផលិតសំបក កង់យានយន្ត មានចំនួន៥ ត្រូវបានចុះបញ្ជីវិនិយោគក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស៕

ប្រភព៖ ក្រសួងព័ត៌មាន