យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះបានឱ្យដឹងថា រោងចក្រផលិតសំបកកង់រថយន្តក្រោមការវិនិយោគតម្លៃជាង ១៣០លានដុល្លារអាមេរិក នៅខេត្តក្រចេះ សម្ពោធបើកឱ្យដំណើរការផលិតកម្មជាផ្លូវការនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ រោងចក្រផលិតសំបកកង់រថយន្ត ក្រុមហ៊ុន ញូ ប៊ូស្តា (ខេមបូឌា) មានទីតាំងស្ថិតនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូប៊ីអ៊ី ស្រុក ស្នួល ខេត្តក្រចេះ។ រោងចក្រនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ និងបានបញ្ចប់នៅខែសីហា ឆ្នាំ២០២៤នេះ។
ឯកឧត្តមអភិបាលខេត្តក្រចេះ បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុកថា៖ « នេះជាសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តក្រចេះ ដែលនឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការងារដល់ប្រជាពលរដ្ឋប្រមាណជិត ១០០០កន្លែង»។ សូមជម្រាបថា ក្រុមហ៊ុនដែលមានប្រភពមកពីទីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិននេះ បានបោះទុនវិនិយោគប្រមាណជាង ១៣៨លានដុល្លារ ក្នុងការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត នៅលើផ្ទៃដីទំហំជាង ៤០ហិកតា។
លោក ម៉ែន សុភ័ក្រ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា ធ្លាប់បានលើកឡើងថា ចំពោះដំណឹងពីកិច្ចដំណើរការផលិតកម្មរបស់រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា គឺជារឿងដែលល្អបំផុតសម្រាប់ទីផ្សារជ័រកៅស៊ូកម្ពុជា ដោយសារកន្លងមកនេះ ទីផ្សារកៅស៊ូកម្ពុជាភាគច្រើនរំពឹងលើការនាំចេញស្ទើរតែ ១០០ ភាគរយ។
សូមជម្រាបផងដែរថា គិតត្រឹមសប្ដាហ៍ទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ចំពោះតែរោងចក្រផលិតសំបកកង់រថយន្ដនៅកម្ពុជា បានដំណើរការចំនួន ៣ ដូចជា ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺក្រុមហ៊ុន Cart Tire Co Ltd ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស Qi Lu (Cambodia) ក្រុងបាវិត ជិតព្រំដែនវៀតណាម និងក្រុមហ៊ុនផលិតសំបកកង់ធំទី៣ គឺ Qingdao Double star Group បានសាងសង់រោងចក្រសំបកកង់ថ្មីនៅខេត្តក្រចេះ ដោយសហការជាមួយក្រុមហ៊ុន UBE Development Co Ltd៕










ប្រភព៖ ក្រសួងព័ត៌មាន


