តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ រួមទាំងក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ បានបង្ហាញពីការគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងចំពោះ ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចនៅតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល។
យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ បានឱ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយកគោលនយោបាយដឹកជញ្ជូនតាមផ្លូវអាកាសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពី “ការដាក់លក់គ្រាប់ស្វាយចន្ទីកែច្នៃរួចចូលទៅកាន់ផ្សារតាមអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ស៊ីវិល” ក្នុងគោលបំណងសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីជំរុញផលិតផលស្វាយចន្ទីកម្ពុជា ទៅក្នុងវិស័យអាកាសចរណ៍។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីជំនាញនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ (Cambodia Air Catering Service) និងក្រុមហ៊ុនកែច្នៃស្វាយចន្ទីកម្ពុជា។
សូមបញ្ជាក់ថា ជាលទ្ធផល តំណាងអាកាសយានដ្ឋានអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ និងក្រុមហ៊ុនផ្តល់សេវាកម្មផ្គត់ផ្គង់អាហារ បានបង្ហាញពីការគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងលើយន្តការនេះ ក៏ដូចជាជួយជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី៕










ប្រភព៖ ក្រសួងពាណិជ្ជកម្ម


