ឱកាសល្អ! វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញឥតគិតថ្លៃជាង ១២០០នាក់
សេដ្ឋកិច្ច August 23, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងសប្ដាហ៍នេះវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យបានជូន​ដំណឹងស្តីពីការប្រកាស​ជ្រើសរើស​សិក្ខាកាម​ឱ្យ​ចូលរួមជំនាញ សម្រាប់​សញ្ញាបត្រ​​បច្ចេកទេស និង​វិជ្ជាជីវៈ១ ដោយ​ឥតគិតថ្លៃសរុបចំនួន ១២៦០នាក់។នេះជាឱកាសសម្រាប់​ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មាន​បណ្ណ​សម្គាល់​ជនមាន​ពិការភាព មានបណ្ណមូលនិធិ​សមធម៌សុខាភិបាល និងយុវជន​ដែល​បាន​ឧទ្ទេសនាមដោយ​រដ្ឋបាលខេត្ត ស្រុក ឃុំសង្កាត់។

ប្រភពដដែលបញ្ជាក់ថា ជំនាញដែលផ្តល់ជូនរួមមាន ៖ ការដំឡើង​បណ្តាញអគ្គិសនីក្នុងអគារ , ការថែទាំ និងជួសជុលរថយន្ត, សេវាកម្មកុំព្យូទ័រ , ការងារកំបោរ , ការដំឡើងបណ្តាញបំពង់ទឹក, ការថែទាំ និង​ជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និង​ជួសជុល​ម៉ាស៊ីនត្រជាក់រថយន្ត, ការរចនាក្រាហ្វិក​ដោយកុំព្យូទ័រ, សេវាកម្ម​រដ្ឋបាល, សេវាកម្ម​បរិក្ខា​ត្រជាក់​ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ, ការកែច្នៃបន្លែ និង​ផ្លែឈើ, ជួសជុលទោចក្រយានយន្ត និង ការងារ​ការិយាល័យជួរមុខ។

លក្ខខណ្ឌនៃការជ្រើសរើស ៖ យុវជន​មានអាយុ​ចាប់ពី១៥ឆ្នាំឡើង, យុវជន​មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ ឬ២) ឬបណ្ណគ្រួសារ​ងាយ​រងហានិភ័យ, យុវជន​មក​ពីគ្រួសារដែលសមាជិកមាន​បណ្ណសម្គាល់​ជនមានពិការភាព, យុវជន​មក​ពី​គ្រួសារ​ដែល​សមាជិក​មានបណ្ណ​មូលនិធិសមធម៌សុខាភិបាល, យុវជន​ដែលឧទ្ទេសនាមដោយ រដ្ឋបាល​ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់។

វិទ្យាស្ថានបានបញ្ជាក់ថា ការសិក្សា​ដោយ​ឥតបង់ថ្លៃ, ទទួលបានប្រាក់​ឧបត្ថម្ភ​ប្រចាំខែចំនួន ២៨ម៉ឺនរៀល​ក្នុង១ខែ ដោយសិក្សា​ពេញម៉ោង សម្រាប់យុវជន​មានបណ្ណសមធម៌ ឬបណ្ណ​គ្រួសារងាយរងហានិភ័យ, មានផ្តល់ការប្រឹក្សា​យោបល់​ពីការ​ជ្រើសរើស​ជំនាញ និងព័ត៌មាន​ទីផ្សារ​ការងារ, ផ្តល់​កន្លែង​ចុះ​កម្មសិក្សា​នៅ​តាម​សហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និង​ក្រុមហ៊ុនឯកជន, ទទួល​បាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ និង​ឱកាស​បន្ត​ការ​សិក្សា, ទទួលបានជំនាញមួយ​ពិតប្រាកដ​ដែល​ទីផ្សារ​ការងារ​កំពុងត្រូវការ, ទទួលបាន​ឱកាស​ការងារ​ធ្វើសមរម្យ និង​ចំណូលទៀងទាត់។

ឯកសារភ្ជាប់ក្នុងការ​ដាក់ពាក្យចូលរៀន មាន សៀវភៅគ្រួសារ, សំបុត្រ​កំណើត, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, រូបថតថ្មីផ្ទៃ​ពណ៌ខៀវ (៤x៦) ៤សន្លឹក និង (៣x4) ២សន្លឹក, បណ្ណសមធម៌ ឬ​បណ្ណសម្គាល់គ្រួសារ​ងាយ​រងហានិភ័យ ឬបណ្ណសម្គាល់ជន​មានពិការភាព ឬបណ្ណមូលនិធិ​សមធម៌សុខាភិបាល ឬលិខិត​ឧទ្ទេសនាមដោយរដ្ឋបាលខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់។

កាលបរិច្ឆេទចុះឈ្មោះចូលរៀន ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូត​ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ​២០២៤ ។ កាលបរិច្ឆេទ​ចូលរៀន ៖ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានបន្ថែម និង​ការដាក់ពាក្យ សូម​ទៅ​កាន់​អាសយដ្ឋានបណ្តោះអាសន្នរបស់វិទ្យាស្ថាន ស្ថិត​នៅ​ភូមិ​កងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 095 934 447៕

ប្រភព៖ ក្រសួងព័ត៌មាន