រោងចក្រដំឡើងរថយន្តដឹកទំនិញ ដើរដោយថាមពលអគ្គិសនីសម្រាប់ប្រើក្នុងស្រុក និងនាំចេញ នឹងមានវត្តមាននៅស្រុកក្រគរខេត្តពោធិ៍សាត់ នាពេលឆាប់ៗនេះ
សេដ្ឋកិច្ច August 19, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ ការសាងសង់រោងចក្រដំឡើងរថយន្តដឹកទំនិញដើរដោយថាមពលអគ្គិសនីសម្រាប់ប្រើក្នុងស្រុក និងនាំចេញបានចាប់ផ្តើមនៅស្រុកក្រគរខេត្តពោធិ៍សាត់។ នេះជាការរីកចម្រើនថ្មីមួយទៀតក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។​

រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD នឹងមានវត្តមានក្នុងពេលឆាប់ៗនេះ លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលពិធីបើកការដ្ឋានជាផ្លូវការ នៃរោងចក្រដំឡើងរថយន្តអគ្គិសនីនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

សូមជម្រាបជូនថា ក្រុមហ៊ុន ZO Motors Co., Ltd. គឺជាក្រុមហ៊ុនផលិតរថយន្តពាណិជ្ជកម្មថាមពលជំនាន់ក្រោយ របស់ប្រទេសជប៉ុន-ចិន ហើយជាក្រុមហ៊ុនផលិត និងចែកចាយរថយន្តដឹកទំនិញពាណិជ្ជកម្ម ដែលមិនបញ្ចេញឧស្ម័ន នឹងត្រូវបានរចនា និងផលិតនៅអាស៊ី ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ ZM Trucks បានក្លាយជាម៉ាកយីហោរបស់ ZO Motors នៅប៉ែកអឺរ៉ុប និងអាមេរិកខាងជើង។

ក្រុមហ៊ុន ZO Motors នឹងធ្វើការផ្លាស់ប្តូរប្រជាជនកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាទំនើប ពីការប្រើប្រាស់រថយន្តដឹកទំនិញ ប្រើប្រេងម៉ាស៊ូត មកប្រើប្រាស់រថយន្តដឹកទំនិញ ដើរដោយប្រព័ន្ធដ្រាយអគ្គិសនី គ្មានការបំភាយឧស្ម័នពុល ដល់ស្រទាប់បរិយាកាស។ ជាមួយគ្នានោះ យើងក៏មិនទាន់បានដឹងជាក់ច្បាស់ អំពីទម្ងន់យានយន្ត និងសមត្ថភាពថ្ម ដែលអាចអូសសណ្តោងទំនិញបាននៅឡើយទេ៕

ប្រភព៖ ក្រសួងព័ត៌មាន