យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះ ប្រាក់ចំណូលពីការនាំចេញជ័រនិងឈើកៅស៊ូ ទទួលបានជាង ២៧១លានដុល្លារសហរដ្ឋអាមេរិក កើនឡើង ១៨,១២% បើធៀបនឹងរយៈពេលដូចគ្នា។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា បរិមាណបញ្ចេញលក់ជ័រកៅស៊ូគិតត្រឹមខែកក្កដា ឆ្នាំ២០២៤ នេះ មានចំនួន ១៧៣ ៩១៥តោន បានកើនឡើងចំនួន ២ ៩៤៧តោន ស្មើនឹង១,៧២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ខណៈបរិមាណបញ្ចេញលក់ឈើកៅស៊ូគិតត្រឹមខែកក្កដា ឆ្នាំ២០២៤ នេះ មានចំនួន ១០ ៩០២ម៉ែត្រគូប។ ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ មានចំនួន២៦៩ ០០៧ ១៦១ ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន២ ០៨៨ ៦៤៦ដុល្លារ។
ទន្ទឹមនឹងនេះដែរ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៤៧ដុល្លារ ក្នុង១តោន កើនឡើងចំនួន ១៤៧ដុល្លារ ក្នុង ១តោន ស្មើនឹង ១០.៤៧% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកក្កដា ឆ្នាំ២០២៤ មានតម្លៃ១៩១ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%៕


អត្ថបទ៖ លីនី


