ត្រៀមខ្លួនឱ្យហើយ! នៅពាក់កណ្ដាលខែសីហានេះ ក្រសួងការងារ និងស្ថាប័នធំៗ រៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ៣ថ្ងៃជាប់ៗគ្នា ផ្ដល់ឱកាសការងារជាង ៥០០០កន្លែង
សេដ្ឋកិច្ច August 12, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ បានឱ្យដឹងថា ក្រសួងការងារ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹង​រៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ជាមួយនិងឱកាសការងារជាង ៥ពាន់កន្លែង ដែលផ្តល់ជូនដោយក្រុមហ៊ុនធំៗ ចំនួន២០ តាមរយៈការដាក់ពាក្យស្វែងរកការងារដោយផ្ទាល់និងធ្វើការសម្ភាសភ្លាម។

(រូបតំណាង)

ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ខាងលើនេះ ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ។ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ នឹងត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃ ជាប់ៗគ្នា អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) ផងដែរ គឺនៅថ្ងៃទី១៦ ទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងផ្សារទំនើប អ៊ីអន សែនសុខ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ ៨:០០នាទីយប់។

ដូជ្នេះ យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើ សូមរៀបចំ CV ដើម្បីដាក់ពាក្យ និងសម្ភាសជាមួយតំណាងក្រុមហ៊ុនធំៗ ទាំង២០ ដើម្បីអាចទទួលបានឱកាសការងារភ្លាមៗតែម្តង។ យុវជន ដែលកំពុងស្វែងរកការងារ អាចទៅចុះឈ្មោះស្វែងរកការងារនៅទីនោះដោយផ្ទាល់នៅមជ្ឈមណ្ឌលការងារ ដែលស្ថិតនៅជាន់ទី២ បន្ថែមពីលើការអាចចុះឈ្មោះតាមរយៈ www.nea.gov.kh ឬ កម្មវិធីទូរស័ព្ទដៃ NEA Job Search។

ទន្ទឹមនឹងនេះ សមាជិក ប.ស.ស. អាចដាក់ឯកសារទូទាត់សំណងអត្ថប្រយោជន៍របបសន្តិសុខសង្គម ហើយសាធារណជនទូទៅ ដែលមានគ្រប់លក្ខខណ្ឌអាចមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. នៅសាខា ប.ស.ស. នៅជាន់ទី២។ យុវជន និងសាធារណជន នឹងទទួលបានការផ្តល់សេវាកាហ្វេ Robot Coffee ដ៏ភ្ញាក់ផ្អើល ដែលបង្កើតដោយស្នាដៃកូនខ្មែរ ព្រមទាំងអាចចុះឈ្មោះចូលរៀន ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសណាមួយ ដែលជាកម្មវិធីអាទិភាពមួយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះ នៅពេលល្ងាច សាធារណជនក៏អាចទស្សនាកម្សាន្តជាមួយក្រុមតន្ត្រី និងឱកាសទទួលបានរង្វាន់ជាច្រើនក្នុងព្រឹត្តិការណ៍នេះផងដែរ៕

ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ