យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកជំនាញសេដ្ឋកិច្ច និងសហជីពនៅកម្ពុជា លើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនិងធនាគារទាំង៨ ដែលផ្តល់ឥណទានមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង១ឆ្នាំ គឺជាជាការគិតគូថ្មីបន្ថែមមិនធ្លាប់មាន។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការចុះអនុស្សរណៈនេះ គឺជាការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការរួមចំណែកផ្តល់ឥណទាន ដែលមានការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង ១ឆ្នាំ ខណៈបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ខ្ពស់រហូតដល់ ១៨ភាគរយក្នុង ១ឆ្នាំឯណោះ។ លោកបណ្ឌិតបញ្ជាក់ថា ការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ ៨,៥ ភាគរយក្នុងមួយឆ្នាំនេះ ប្រជាពលរដ្ឋទទួលបានការបន្ទាបអត្រាការប្រាក់រហូតដល់ជាងពាក់កណ្តាល គឺទាបជាង ៩ភាគរយ ហើយទាបជាងអត្រាការប្រាក់ធម្មតាដែលពួកគាត់ធ្លាប់ខ្ចី។ មិនតែប៉ុណ្ណោះអត្រាការប្រាក់នេះបើធៀបនឹងកម្ចីក្រៅផ្លូវការ គឺកាន់តែទាបជាងថែមទៀត ហេតុនេះការចុះ MOU នេះគឺជាការរួមចំណែកជួយដល់ពលករក្នុងការកាត់បន្ថយថ្លៃដើមហិរញ្ញវត្ថុ ហើយមានលទ្ធភាពក្នុងការកសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ ផងដែរ។
លោកថ្លែងថា៖ «ការកាត់បន្ថយនេះ គឺជាយន្តការមួយរួមចំណែក នៅក្នុងការកាត់បន្ថយចំណាយរបស់គ្រួសារ ពលករ ហើយ និងរួមចំណែកឱ្យពលករនៅសល់ប្រាក់ ដែលអាចយកទៅចាយវាយបានក្រោយពេលទូទាត់ថ្លៃការប្រាក់រួច។ ដូចច្នេះពលករ យើងអាចមានលទ្ធភាពរស់នៅមានភាពប្រសើជាងមុន ខណៈអត្រាការប្រាក់ថយចុះរហូតដល់ជាងពាក់កណ្តាល»។
ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា យល់ឃើញថា ការចុះអនុស្សរណៈនេះមានប្រយោជន៍ក្នុងការជួយដោះទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ជាពិសេសពលករ ឈប់បារម្ភរឿងបំណុល ដែលមានអត្រាការប្រាក់ខ្ពស់ មានឱកាសសន្សំលុយ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែរីកចម្រើនប្រសើរជាងមុន។ លោកថ្លែងថា៖ «ពលករយើងលែងបាម្ភទៅលើបំណុលការប្រាក់ ដែលគាត់ធ្លាប់ជួបប្រទះក្នុងពេលកន្លងមក ហើយការបារម្ភរបស់គាត់នេះត្រូវបានរាជរដ្ឋាភិបាលជាពិសេសក្រសួងការងារ យកចិត្តទុកដាក់ដោះស្រាយក្តីបារម្ភរបស់គាត់ ហើយនេះជាក្តីសុបិនមួយរបស់ពួកគាត់បានក្លាយជាការពិត មានឱកាសទៅធ្វើការនៅប្រទេស ដែលមានប្រាក់ឈ្នួលខ្ពស់ ហើយមានឱកាសទទួលបាននូវឥណទានដែលមានអត្រាការប្រាក់ទាប»។
ក្នុងនាមសហជីពលោក សំ សឿន បានសម្តែងក្តីត្រេកអរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តាធនាគារ ដែលបានផ្តល់ឱកាសដល់ពលករក្នុងការទទួលបានឥណទានដែលមានអត្រាការប្រាក់ទាបត្រឹមតែ ៨,៥ភាគរយក្នុង ១ឆ្នាំ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែសីហានេះ ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង ០៨ បានធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕




ប្រភព៖ ក្រសួងព័ត៌មាន


