យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនដល់ទៅ ១៩ ចាប់អារម្មណ៍វិនិយោគនៅកម្ពុជាក្នុងវិស័យជាច្រើន រួមទាំងបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីព្រឹកថ្ងៃទីអង្គារ ទី០៦ សីហា ឆ្នាំ២០២៤ លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មប្រទេសជប៉ុន (JETRO) បានគោរពជម្រាបជូនសម្ដេចធិបតីថា នេះជាលើកទី២ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន១៩ ដែលចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន។
ក្នុងឱកាសនោះ លោកស្រី Mio Kawada បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។
ជាកិច្ចឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា។ សម្តេចធិបតីបានសម្តែងនូវការគាំទ្រលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន លើវិស័យថាមពលស្អាត និងឥណទានកាបូន ដែលមានសង្គតិភាពជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងការដាក់ចេញនូវទិសដៅជំរុញថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។ សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជាពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ ក៏ដូចជាពិភាក្សាការងារបន្តលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន៕











អត្ថបទ៖ លីនី


