យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីជាអ្នកផ្តើមគំនិតលើ គម្រោងព្រែកជីកហ្វូណនតេជោ បានលើកបង្ហាញអំពីផលប្រយោជន៍សំខាន់ចំនួន៤ នៃព្រែកជីហ្វូណនតេជោ។
ផលប្រយោជន៍សំខាន់ចំនួន៤ នៃព្រែកជីកហ្វូណនតេជោ នោះរួមមាន៖
-ផលប្រយោជន៍ទី១ គឺ ព្រែកជីកហ្វូណនតេជោជាផ្លូវដឹកជញ្ជូនក្នុងស្រុកដ៏សំខាន់តភ្ជាប់ទៅសមុទ្រ ដែលមានកម្រៃសេវាដឹកជញ្ជូនទាប។ ជាផ្លូវដឹកជញ្ជូនប្រទាក់ក្រឡារវាងផ្លូវគោកនិងផ្លូវទឹក ដែលទាក់ទាញអ្នកវិនិយោគអោយមកធ្វើធុរៈកិច្ច។
-ផលប្រយោជន៍ទី២ គឺព្រែកជីកហ្វូណនតេជោនឹងក្លាយទៅជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតីនៃកម្ពុជា ដែលមានខេត្តកណ្តាល តាកែវ កំពត និង កែប ឆ្លើយតបការខ្វះទឹក ហើយផ្តល់លទ្ធភាពអោយកសិករអាចធ្វើស្រែបានពី ២ទៅ ៣ដងក្នុង ១ឆ្នាំ។
-ផលប្រយោជន៍ទី៣ គឺ ព្រែកជីកហ្វូណនតេជោ នឹងជួយរំដោះទឹកជំនន់នៅទិសនិរតីនៃកម្ពុជា ។
-ផលប្រយោជន៍ទី៤ គឺ ព្រែកជីកហ្វូណនតេជោ នឹង ជួយបង្កើតវារីវប្បកម្មកាន់តែប្រសើរ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីបានលើកបង្ហាញអំពីផលប្រយោជន៍របស់ព្រែកជីកហ្វូណនតេជោ ថាបានបង្កើតផ្លូវទឹកមួយបញ្ជៀសទឹកពីស្ទឹងព្រែកត្នោតដែលកន្លងមកបានធ្វើអោយមានជំនន់ភាគខាងខាងលិចក្រុងភ្នំពេញ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកអំពីផលប្រយោជន៍របស់ព្រែកជីកហ្វូណនតេជោ ថាបានបង្កើតឧត្តមភាពនៃការប្រកួតប្រជែងនៃការនាំចេញនៅលើឆាកអន្តរជាតិ តាមរយៈកម្រៃដឹកជញ្ជូនទាបហើយលឿនដោយមិនឆ្លងកាត់ប្រទេសវៀតណាម។
ទន្ទឹមនេះទៀត លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបង្ហាញអំពីផលប្រយោជន៍របស់ព្រែកជីកហ្វូណនតេជោ ថាបានបង្កើតសក្កានុពលផ្នែកទេសចរណ៍នៅតាមដងព្រែក។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោដែលប្រវែង ១៨០គីឡូម៉ែត្រ កាត់ខេត្តកណ្តាល តាកែវ កំពត និង កែប ឆ្ពោះទៅសមុទ្រ មានមាត់លើ១០០ម៉ែត្រ បាតក្រោម៨០ម៉ែត្រ និងជម្រៅ៥,៤ម៉ែត្រ គ្រោងចំណាយទុនវិនិយោគ១,៧ពាន់លានដុល្លារ និងរយះពេលសាងសង់៤ឆ្នាំ ។ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងនឹងបើកការដ្ឋានផ្លូវការនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ៕




ប្រភព៖ ក្រសួងព័ត៌មាន


