សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចាប់ពីថ្ងៃ១កញ្ញា ការចេញចូលតាមព្រលានយន្តហោះ និងប្រើប្រាស់ប្រព័ន្ធថ្មីអេឡិចត្រូនិកទាំងអស់ ទាំងបង់លុយ និងបំពេញបែបបទ
សេដ្ឋកិច្ច August 3, 2024 Khmernote

យោងតាមការចុះផ្សាយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤តទៅ រាល់ការចេញចូលតាមច្រកអាកាស របស់ភ្ញៀវជាតិ និងអន្តរជាតិ នឹងមានភាពងាយស្រួលជាងមុន ដូចនៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន តាមរយៈការបំពេញបែបបទ និងបង់លុយជាដើម គឺត្រូវប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់។

ការបញ្ជាក់របស់សម្តេចធិបតីខាងលើ ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារ សមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នារាត្រីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅ ឌី ព្រេមៀ សេនធ័រ សែនសុខ។

ក្នុងឱកាសនេះ សម្តេចធិបតី បានពន្យល់ថា លំហូរនៃការចេញចូលនៅតាមប្រទេសនីមួយៗ តាមផ្លួវអាកាសប្រទេសភាគច្រើនគឺលែងប្រើក្រដាស ជំនួសដោយការប្រើតាមប្រព័ន្ធអនឡាញ ក្នុងនោះទាំងការបង់ប្រាក់ផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “កម្ពុជា ក៏ត្រូវដើរតាមនេះដែរ” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ឥឡូវយើងបាន ឯកភាព និងរៀបចំ ចេញជាប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ។ នៅស្ទើរមួយ គឺការបង់លុយកន្លងទៅ គឺត្រូវបង់ជាក្រដាសដដែល ​ឥឡូវខ្ញុំបានឱ្យសម្របសម្រួល ការងារហ្នឹងបានឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំ ហើយឱ្យចាប់ពីថ្ងៃ១ ខែ៩នេះទៅ នៅព្រលានយន្តហោះយើងទាំង៣ ទាំងការបង់ពន្ធ ទាំងការដាក់ពាក្យសុំវីសា ទាំងវីសា On Arrival និងវីសាខាងក្រៅដែលធ្វើរួចហើយ គឺប្រើអេឡិចត្រូនិកទាំងអស់ ចឹងទេសចរនិងអ្នកដែលមក មិនចាំបាច់ប្រើក្រដាសទៀតទេ នឹងជួយសម្រួលស្រួល និងសម្រួលបានច្រើន” ។

ក្នុងនោះសម្តេចថែមទាំង​ ឱ្យដឹងថា ចំពោះបច្ចេកទេសខាងលើនេះ ត្រូវបានរៀបចំដោយកូនខ្មែរតែម្តង ដែលនេះជាមោទនភាពរបស់ជាតិមួយផងដែរ៕