កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញយន្តការបន្ទាន់ចំនួន៤ ពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ស្របទៅតាមការណែនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបង្កើនការយកចិត្តទុកដាក់លើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។
នៅព្រឹកថ្ងៃទី០២ ខែសីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «យ៉ាងណាមិញក្រោយបានដាក់ចេញយន្តការខាងលើនេះ មានបងប្អូនជាច្រើនបានចោទសួរថា ហេតុអ្វីបានជាធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្ដង?»
ពាក់ព័ន្ធនឹងការចោទសួរខាងលើសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបកសា្រយថា មូលហេតុដែលធនាគារជាតិមិនដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស គឺដោយសារការទទួលយកក្រដាសប្រាក់ដុល្លារ រហែក ឬចាស់ ដែលមិនអាចប្រើប្រាស់បាន ដើម្បីយកទៅដូរយកក្រដាសប្រាក់ថ្មីពីធនាគារកណ្តាលសហរដ្ឋអាមេរិក ជាកាតព្វកិច្ចរបស់ធនាគារជាតិ ដែលត្រូវការចំណាយថវិកាច្រើន ការដាក់ឱ្យអនុវត្តនូវគោលការណ៍ថ្មីនេះត្រូវធ្វើទៅដោយប្រុងប្រយ័ត្ន និងជាជំហាន។
សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរ ការដាក់ឱ្យអនុវត្តន៍នៅខេត្តសៀមរាបនេះ ជាជំហានសាកល្បង (pilot) ដើម្បីធនាគារជាតិអាចធ្វើការវាយតម្លៃ និងយកជាមូលដ្ឋានសម្រាប់រៀបចំផែនការឱ្យបានជាក់លាក់ មុននឹងប្រកាសដាក់អោយអនុវត្តគោលការណ៍ថ្មីនេះនៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះដែរ សម្ដេចធិបតី បានអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក៕






ប្រភព៖ គណនីផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត


