អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន នឹងបន្តជួយជំរុញវិនិយោគ និងផ្សព្វផ្សាយសក្ដានុពលកម្ពុជា ឱ្យដល់ក្រុមហ៊ុនជប៉ុនផ្សេងទៀត
សេដ្ឋកិច្ច July 29, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណចំពោះ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ការគាំទ្រ និងសហការយ៉ាងសកម្មលើការរៀបចំឱ្យមានដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលកន្លងមក ពិសេសបេសកកម្មរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ លោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបញ្ជាក់ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នូវការតាំងចិត្តខ្ពស់នឹងបន្តជួយលើកិច្ចការងារជំរុញវិនិយោគ ផ្គូផ្គងវិស័យឯកជន និងផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជាឱ្យដល់ក្រុមហ៊ុនជប៉ុនផ្សេងទៀត ដែលមានបំណងចង់បណ្ដាក់ទុនវិនិយោគរបស់ខ្លួន។

សូមជម្រាបជូនថា កាលពីទស្សនកិច្ចគោះទ្វារវិនិយោគក្នុងប្រទេសជប៉ុន នាខែឧសភា ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ និងចង់ឃើញមានរបៀបវារៈនីតិវិធីស្រដៀងគ្នានៅកម្ពុជា លើរបៀបដែលអង្គការ JETRO រៀបចំឱ្យមាន “មជ្ឈមណ្ឌលគាំទ្រធុរកិច្ច” ឬ “Business Support Center” ដើម្បីគាំទ្រដល់ធុរជនដែលវិនិយោគក្នុងប្រទេសជប៉ុន តាមរយៈការរៀបចំមជ្ឈមណ្ឌល ឱ្យក្លាយជាច្រកចេញចូលតែមួយ (One Stop Services) រាប់ចាប់តាំងពីការផ្ដល់ព័ត៌មានវិនិយោគ រហូតដល់ក្រុមហ៊ុនទទួលអភ័យឯកសិទ្ធិស្របច្បាប់វិនិយោគក្នុងប្រទេសជប៉ុន៕

ប្រភព៖ ក្រសួងព័ត៌មាន