សញ្ញាល្អ! ប្រធានក្រុមហ៊ុនកូរ៉េធំមួយ ដឹកនាំវិនិយោគិនសេដ្ឋកិច្ចកូរ៉េមកកម្ពុជា ដើម្បីស្វែងយល់ និងពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគក្នុងវិស័យអេឡិចត្រូនិក យានយន្ដ កសិកម្ម និងវិស័យច្រើនទៀតនៅកម្ពុជា
សេដ្ឋកិច្ច July 27, 2024 Khmernote

ប្រធានក្រុមហ៊ុនធំមួយ បានដឹកនាំវិនិយោគិនសេដ្ឋកិច្ចកូរ៉េ មកកម្ពុជាដើម្បី ស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ក្នុងការពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យអេឡិចត្រូនិក និងយានយន្ដ, កសិកម្ម, ទូរគមនាគមន៍,​ សុខាភិបាល, អប់រំ, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងវិស័យឧស្សាហកម្មនានា។

យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនសេដ្ឋកិច្ចកូរ៉េដែលដឹកនាំដោយលោក Park Bong Kyu ប្រធានក្រុមហ៊ុន Korea CEO Summit Co., Ltd ក្នុងគោលបំណងស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ក្នុងការពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យអេឡិចត្រូនិកនិងយានយន្ដ, កសិកម្ម, ទូរគមនាគមន៍,​ សុខាភិបាល, អប់រំ, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងវិស័យឧស្សាហកម្មនានា។

មានមតិក្នុងជំនួបខាងលើ ឯកឧត្តមបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូដែលបានឆ្លៀតពេលវេលាមកជួបពិភាក្សាដោយផ្ទាល់ដើម្បីឈ្វេងយល់ព័ត៌មានបន្ថែមឱ្យកាន់តែស៊ីជម្រៅ និងចំគោលដៅ។ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីភាពទាក់ទាញដល់ការធ្វើធុរកិច្ចនៅកម្ពុជាតាមរយៈដាក់ចេញនូវយន្ដការវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជន ដែលអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈម ដើម្បីស្នើសុំដំណោះស្រាយនិងអន្ដរាគមន៍ពីរាជរដ្ឋាភិបាល និងកត្តាស្ថិរភាពផ្នែកនយោបាយ សេដ្ឋកិច្ច និងកម្លាំងពលកម្មវ័យក្មេង និងប្រកបដោយថាមវន្ដ ជាពិសេសមានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលផ្ដល់ភាពអនុគ្រោះដល់ការបណ្ដាក់ទុនវិនិយោគលើគ្រប់វិស័យ។

បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនភាគីមិត្តអំពីអត្ថិភាពនៃតុកូរ៉េ (Korea Desk) ដែលជាយន្តការមួយក្នុងចំណោមយន្តការតុវិនិយោគផ្សេងៗ ដែលបាននិងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា