យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជា សម្រេចបានជាង ៦លានតោន កើនឡើងជិត៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មាន ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់បន្ថែមថា កសិផលប្រមាណ ៦លានតោន បាននាំចេញទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ប្រទេសទូទាំងពិភពលោក។ ជាក់ស្ដែង ៩៤% នៃកសិផលកម្ពុជា គឺឆ្ពោះទៅកាន់ទីផ្សារសំខាន់ៗដូចជា៖ ប្រទេសចិន៖ ចេក អង្ករ ដំឡូងមី ស្វាយ និងមៀន, ប្រទេសរៀតណាម៖ ស្រូវ ចន្ទី ដំឡូងមី ស្វាយស្រស់ ,ប្រទេសថៃ៖ ដំឡូងមី ស្វាយស្រស់ ម្ទេស កន្ទក់។ កសិផលកម្ពុជា ដែលកំពុងមានកំណើនទីផ្សារក្រៅពីស្រូវ ស្វាយចន្ទី និងដំឡូងមី ៖ ស្វាយស្រស់ ដំណាប់ស្វាយ ទុរេន គ្រាប់ពោត មៀនស្រស់ ម្រេច និងម្ទេសស្រស់។ ចំណែកឯគ្រាប់ស្វាយចន្ទីឆៅ មានទំហំនាំចេញជិត ៨០០លានដុល្លារ ប្រហែល១ភាគ៣នៃតម្លៃនាំចេញ កសិផលសរុបរបស់កម្ពុជា។
ចំពោះ ទំហំទឹកប្រាក់ពីការនាំចេញ កសិផលក្រៅពីស្រូវ-អង្ករ បានជាង ១៨០០លានដុល្លារ ខណៈកសិផលស្រូវ បានជាង៤០០លានដុល្លារ ,កសិផលអង្ករ បានជាង២០០លានដុល្លារ និង ឲប្រភេទដំឡូងមី មានបរិមាណជាង ២,៥០លានតោន ដែលជាកំណើនខ្ពស់ជាងគេទី១ ក្នុងចំណោមកសិផលសំខាន់ដទៃទៀត ដោយទទួលបានទឹកប្រាក់ចំនួនជាង ៤៥០លានដុល្លារអាមេរិក៕






ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល


