រដ្ឋមន្រ្តីក្រសួងរ៉ែ បង្ហើបពីពេលវេលាដែលក្រុមហ៊ុនយក្សរបស់ជប៉ុន Minebea សង់រោងចក្រទី២​ នៅនៅស្រុកក្រគរ ខេត្តពោធិ៍សាត់
សេដ្ឋកិច្ច July 19, 2024 Khmernote

ក្រុមហ៊ុនយក្សជប៉ុន Minebea Mitsumi Inc នឹងបើកករដ្ឋានសាងសង់រោងចក្រទី២របស់ខ្លួន នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅពាក់កណ្ដាលខែកញ្ញា ខាងមុខនេះហើយ នេះបើតាមការបញ្ជាក់នៅលើផេកផ្លូវការរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ​ខណៈពេលដែលលោកបានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន Minebea Mitsumi Inc លោក Yoshihisa Kainuma ​ទាក់ទងកម្មវិធីបើកការដ្ឋានសាងសង់រោងចក្រជប៉ុន MinebeaMitsumi Inc នៅស្រុកក្រគរ ខេត្តពៅធិ៍សាត់ ។

នៅលើបណ្ដាញសង្គមផ្លូវការរបស់ឯកឧត្តមកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០៤​ បានបញ្ជាក់ដូច្នេះថា៖ « នៅក្រុងតូក្យូព្រឹកនេះ ឯកឧត្តម កែវ រតនៈ ជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនលោក Yoshihisa Kainuma ស្តីពីកម្មវិធីបើកការដ្ឋានសាងសង់រោងចក្រជប៉ុន MinebeaMitsumi Inc នៅស្រុកក្រគរខេត្តពោធិ៍សាត់ពាក់កណ្តាលខែកញ្ញាខាងមុខ» ។

គួរបញ្ជាក់ផងដែរថា រោងចក្រទី២ របស់ Minebea Mitsumi ​ដែលនឹងគ្រោងបើករោចក្រនេះមានផ្ទៃដីប្រមាណ ៥០ហិចតា បង្កើនការវិនិយោគ និងបង្កើតការងារជាច្រើនកន្លែងដល់យុវជន យុវនារី មកបម្រើការងារនៅទីនេះ។ ​ ​បើតាមការបញ្ជាក់របស់​ លោក កែវ រតនៈ នាពេលកន្លងមក ​រោងចក្រ Minebea Mitsumi នេះ បានដកប្រតិបត្តិការខ្លះពីប្រទេសសិង្ហបុរី ដើម្បីមកវិនិយោគនៅកម្ពុជា ដោយសម្លឹងឃើញសក្ដានុពលនៃការគាំទ្រនៃការថាមពលអគ្គិសនី។ បច្ចុប្បន្នកម្ពុជាកំពុងផលិតថាមពលចេញពី ថាមពលកកើតឡើងវិញ យ៉ាងច្រើនលើសលុប ដែលធ្វើឲ្យកម្ពុជាក្លាយទៅជាប្រទេសមួយ ដែលមានការទាក់ទាញ។

លោកបានបន្ថែមថា ជាការពិតថាមពលនេះ ត្រូវធ្វើការអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីធ្វើយ៉ាងម៉េចធានាឲ្យថ្ងៃក្រោយមិនខ្វះខាត សម្រាប់ឆ្នាំនេះកម្ពុជាបានធានាសាជាថ្មី ជាមួយក្រុមហ៊ុនរបស់ជប៉ុននេះ លើការបោះជំហានទី២ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ថាមពលកកើតឡើងវិញនៅទីនេះ ក៏ដូចជានៅក្នុងប្រទេសកម្ពុជាគឺ ថាមពលចេញពីពន្លឺព្រះអាទិត្យ នឹងក្លាយជាជន្ទល់មួយ នៃការធ្វើឲ្យរោងចក្រនេះ មានដំណើរការបន្ថែមលើទឹកដីកម្ពុជា៕

(រូបតំណាង)

ប្រភព៖ ផេកផ្លូវការរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល