ល្អមែនទែន! ក្រុមហ៊ុន Tropicam ចាប់ផ្តើមប្រមូលទិញស្ពៃក្រញាញ់ ពីសហគមន៍កសិកម្មទំនើបថ្មីនៅត្រាំកក់ ក្នុងតម្លៃ ២០០០៛/គីឡូ ដែលជាតម្លៃថ្មីនៃកិច្ចសន្យាទិញរយៈពេលវែង
សេដ្ឋកិច្ច July 13, 2024 Khmernote

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុន Tropicam Fruit and Vegetables ចាប់ផ្តើមប្រមូលទិញស្ពៃក្រញាញ់ដែលមានស្រាប់ជាបណ្តោះអាសន្ន ក្នុងតម្លៃ២០០០៛/គីឡូ ពីបងប្អូនអ្នកដាំបន្លែដែលជាសមាជិកសហគមន៍កសិកម្មទំនើបថ្មីនៅត្រាំកក់ ខេត្តតាកែវ។

នៅលើបណ្ដាញសង្គមផ្លូវការ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ដំណោះស្រាយអន្តរកាលភ្លាមៗនេះ ត្រូវបានរៀបចំឡើងជាពិសេសតបតាមការស្នើសុំរបស់ក្រសួងកសិកម្ម ដើម្បីជួយសម្រាលបន្ទុកដល់បញ្ហាកក់ស្ទះស្ពៃក្រញាញ់ចាស់របស់កសិករសមាជិក ដែលបានដាំរៀងៗខ្លួននិងលក់មិនទាន់ចេញអស់ ទម្រាំផែនការថ្មីនៃការដាំបន្លែចម្រុះក្នុងទម្រង់ជាសហគមន៍កសិកម្មទំនើប អាចចាប់ផ្តើមដំណើរការបានពីខែក្រោយទៅ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ឃឹម ហ្វីណង់ ក៏បានបញ្ជាក់ផងដែរថា តម្លៃ «២០០០៛/គីឡូ» គឺជាថ្លៃថ្មីចេញពីកសិដ្ឋាននៃកិច្ចសន្យាទិញរយៈពេលវែងជាមួយសហគមន៍ និងខ្ពស់ជាងថ្លៃក្នុងពេលបច្ចុប្បន្នពី ៥ទៅ ៦ដង (៣០០៛-៤០០៛)។ ក្រុមហ៊ុន Tropicam នឹងចុះប្រមូលទិញផ្ទាល់ដល់សហគមន៍ ២ដងក្នុងមួយសប្តាហ៍ មួយជើង២តោន ចាប់ផ្តើមពីសប្តាហ៍នេះតទៅ៕

ប្រភព៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ