កាលានុវត្តភាពវិនិយោគថ្មី «ក្រុមហ៊ុនអន្តរជាតិ ចាប់អារម្មណ៍ក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា»
សេដ្ឋកិច្ច July 11, 2024 Naren

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលបីថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជា មួយលោកស្រី Sofia Fang អ្នកតំណាងក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. និងសហការី ដែលមានបំណងស្វែងយល់និងប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគលើសកម្មភាពផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ពិសេសគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល និងការផ្តល់ការលើកទឹកចិត្តក្នុងវិស័យនេះ ។

តាមគេហទំព័រហ្វេសប៊ុកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ឱ្យដឹងថា ក្រុមហ៊ុននេះ ចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដែលក្នុងនោះការផ្គុំ និងដំឡើងរថយន្តអគ្គិសនី ជាសកម្មភាពវិនិយោគអាទិភាពមួយ ដែលក្រុមហ៊ុនកំពុងធ្វើការសិក្សា។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរង បញ្ជាក់ជូនតំណាងក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. អំពីទិដ្ឋភាពទូទៅ ក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិនានា ដែលមានភាពអំណោយផលដល់ការវិនិយោគផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ជាពិសេសការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលលើការវិនិយោគក្នុងវិស័យនេះ ដែលមានដូចជា៖ ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ផែនទីបង្ហាញផ្លូវស្ដីពីការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា និងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលទើបបានប្រកាសដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗកន្លងទៅ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដែលមានភាពអំណោយផលខ្លាំងដល់វិស័យនេះ ជាដើម។

មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សង្ឃឹមយ៉ាងមុតមាំថាការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន បង្កើតឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពសម្បូរបែប ផងដែរ ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងត្រៀមខ្លួនជានិច្ចក្នុងការផ្តល់ការគំាទ្រនិងកិច្ចសម្រួលដល់ការវិនិយោគ។

តាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មកទល់ពេលនេះយានយន្តអគ្គិសនីបានចុះបញ្ជីផ្លូវការដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានចំនួនសរុប ២ ៩៦៨គ្រឿង ដោយក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង។

ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។ ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត៕