ឆមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយទីផ្សារអន្តរជាតិ បានប្រមាណជាង ២៦ពាន់លានដុល្លារអាមេរិក
សេដ្ឋកិច្ច July 11, 2024 Naren

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ២៦ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មាន​ទឹក​ប្រាក់​ជាង១២ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង១៣ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា, សម្រាប់រយៈពេល ៦ខែក្នុងឆ្នាំ២០២៤ នេះ ក្នុងនោះការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា មានចំនួន ២០ ប្រទេស និងជាមួយបណ្តាប្រទេសផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ២៦ ពាន់លាន​ដុល្លារ​អាមេរិកកើនឡើង ជាង ១២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះ​បើ​គិត​រយៈ​ពេល ៦ខែនេះ ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ របស់កម្ពុជា មានកំណើន​កើន​ឡើង​ជា​បន្ត​បន្ទាប់​គួរកត់សម្គាល់។

ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ក្នុងនោះចំពោះការនាំចេញទំនិញរបស់កម្ពុជា ក្នុងរយៈពេល​នេះ​ដែរមានទំហំទឹកជាង ១២ ពាន់លាន ដុល្លារ កើនឡើងប្រមាណជាង ១២ ភាគរយ បើធៀប​រយៈពេល​ដូចគ្នាឆ្នំា ២០២៣ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេស​ចិន ជាង ៨០០ លានដុល្លារ, សហរដ្ឋអាមេរិក ជាង ៤ ៤០០ លានដុល្លារ, វៀតណាម ជាង ២ ០០០ លានដុល្លារ, ថៃ ៤៣៩ លានដុល្លារ, ជប៉ុន ជាង ៦២៨ លានដុល្លារ, អាល្លឺម៉ង់ ជាង ៤២៤ លានដុល្លារ, អេស្ប៉ាញ ៤៥១ លានដុល្លារ, កាណាដា ៤៩៤ លានដុល្លារ, អង់គ្លេស ៤២៧ លានដុល្លារ, ហូឡង់ ៣៤៥ លានដុល្លារ, កូរ៉េខាងត្បូង ១៥៥ លានដុល្លារ និងការ​នាំ​ចេញ​ទៅ​កាន់​ប្រទេសផ្សេងៗ ជាច្រើនទៀត។

ចំណែកការនាំចូលវិញ នៅក្នុងរយៈពេលនេះដែរ កម្ពុជា​បាន​នាំចូល​ទំនិញ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ១៣ពាន់លានដុល្លារ កើនឡើងជាង ១២ ភាគរយ ក្នុងនោះការនាំចូល​ពី​ប្រទេស​ចិន មានទឹកប្រាក់ជិត ៦ ពាន់លានដុល្លារ, វៀតណាមជាង ២ ០០០ លានដុល្លារ, ថៃ ជាង ១ ៦០០ លានដុល្លារ, សឹង្ហបុរី ៤៥៦ លានដុល្លារ, ឥណ្ឌូនស៊ី ៥២១ លានដុល្លារ, តៃវ៉ាន់ ៣៥៤ លានដុល្លារ, កូរ៉េខាងត្បូង ២៤១ លានដុល្លារ, ម៉ាឡេស៊ី ៣៨៥ លានដុល្លារ, ហុងកុង ១៩៨ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសជាច្រើន ទៀត៕