ក្រសួងផែនការ និងវិនិយោគវៀតណាម បាននិយាយនៅក្នុងឯកសារមួយដែលត្រូវបានចុះផ្សាយដោយ Reuters ថា ប្រទេសវៀតណាមបានខកខានការវិនិយោគរាប់ពាន់លានដុល្លារ ដោយសារក្រុមហ៊ុនពហុជាតិដូចជា Intel និង LG Chem បានបោះបង់គម្រោងវិនិយោគនៅវៀតណាម ដែលបណ្ដាលមកពីខ្វះក្នុងការលើកទឹកចិត្តនៅក្នុងការវិនិយោគ។
(រូបតំណាង)
ក្រសួង ក៏បានបញ្ជាក់នៅក្នុងឯកសារចុះថ្ងៃទី២៩ ខែមិថុនា ថ្មីៗនេះថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Intel បានស្នើសុំវិនិយោគ ៣.៣ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោងមួយនៅក្នុងប្រទេសវៀតណាម ហើយបានស្នើសុំប្រទេសនេះសម្រាប់ “ជំនួយជាសាច់ប្រាក់” ចំនួន ១៥ភាគរយ ប៉ុន្តែក្រោយមកបានសម្រេចចិត្តផ្លាស់ប្តូរគម្រោងនេះទៅប្រទេសប៉ូឡូញ។
ជាមួយគ្នានោះដែរ ក្រុមហ៊ុន LG Chem របស់កូរ៉េខាងត្បូងក៏បានរំលងវៀតណាម ក្នុងការវិនិយោគលើគម្រោងថាមពលថ្មនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ បន្ទាប់ពីបានស្នើសុំឱ្យរដ្ឋាភិបាលវៀតណាមគ្របដណ្តប់ ៣០ភាគរយនៃតម្លៃវិនិយោគ។ ជាងនេះទៅទៀត ឯកសារក៏បានបង្ហាញផងដែរថា ថ្មីៗនេះ មានក្រុមធំៗជាច្រើនបានមកស្វែងរកឱកាសវិនិយោគនៅវៀតណាម ប៉ុន្តែក្រោយមកបានសម្រេចចិត្តផ្លាស់ទៅប្រទេសផ្សេងទៀត ដោយសារវៀតណាមខ្វះបទប្បញ្ញត្តិស្តីពីការគាំទ្រវិនិយោគ៕


អត្ថបទ៖ លីនី
ប្រភព៖ Taipei Times


